ក្រសួងសុខាភិបាល ណែនាំ ១៤ចំណុចដល់ពលរដ្ឋ ក្នុងការការពារ និងការថែរក្សាសុខភាព ក្នុងអំឡុងពេលអាកាសធាតុក្តៅ
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានឱ្យដឹងថា ស្ថានភាពនៃការប្រែប្រួលអាកាសធាតុ បណ្តាលឱ្យមានអាកាសធាតុក្តៅខ្លាំង ទាំងនៅក្នុងប្រទេសកម្ពុជាក៏ដូចជាបណ្តាប្រទេសជាច្រើន ដែលអាចឱ្យបុគ្គលគ្រប់រូប អាចធ្លាក់ខ្លួនឈឺដោយសារកម្តៅ ជាពិសេសបុគ្គលដែលមានហានិភ័យខ្ពស់គឺ មនុស្សចាស់ ទារក កុមារ ស្ត្រីមានផ្ទៃពោះ អ្នកធ្វើការងារនៅលម្ហខាងក្រៅ អត្តពលិក អ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ និងអ្នកមានជំងឺរ៉ាំរ៉ៃ។
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ពេលអាកាសធាតុក្តៅខ្លាំង អាចបណ្តាលឱ្យមានរោគសញ្ញាមួយចំនួន ដូចជា ការបែកញើសខ្លាំងខុសពីធម្មតា អស់កម្លាំង ឈឺរមួលក្រពើ ឈឺក្បាល ចង្អោរ ក្អួត វិលមុខ ដួលសន្លប់ ជីពចរដើរលឿនហើយខ្សោយ និងជំងឺដាច់សរសៃឈាមខួរក្បាលជាដើម។
ដូច្នេះក្រសួងសុខាភិបាល បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ថែរក្សាសុខភាព និងណែនាំឱ្យរួមគ្នាអនុវត្ដវិធានការការពារចំនួន ១៤ចំណុច ពីគ្រោះថ្នាក់ធ្ងន់ធ្ងរក្នុងអំឡុងពេលអាកាសធាតុក្តៅ រួមមាន៖
១-ពិសាទឹកឱ្យបានច្រើននិងញឹកញាប់ លើសពី២លីត្រក្នុងមួយថ្ងៃ ទោះបីជាមិនស្រេកទឹកក៏ដោយ។
២-បង្ការជំងឺរាករូស និងជំងឺផ្សេងៗ ដែលធ្វើឱ្យមានការបាត់បង់ជាតិទឹកក្នុងរាងកាយ ដោយរក្សាអនាម័យ ខ្លួនប្រាណ អនាម័យម្ហូបអាហារ និងពិសាទឹកឆ្អិនឬទឹកចម្រោះ។
៣-ចៀសវាងការពិសាជាតិអាល់កុល កាហ្វេ តែ ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ជាតិស្ករច្រើន ជាតិអំបិលច្រើន ពីព្រោះបណ្តាលឱ្យជាតិទឹកនៅក្នុងរាងកាយថយចុះ។
៤-ស្លៀកសម្លៀកបំពាក់ដែលជួយការពារកម្តៅនិងការរលាកស្បែកដោយពន្លឺព្រះអាទិត្យ ដូចជាសម្លៀកបំពាក់រលុង ស្រាល មានពណ៌ស្រាល ពាក់មួកដែលមានគែមធំ ឬប្រើឆ័ត្រធ្វើជារបាំងការពារកម្តៅថ្ងៃ និងផ្លាស់ប្តូរសម្លៀកបំពាក់ប្រសិនបើវាសើមខ្លាំង។
៥-ចៀសវាងការស្លៀកពាក់ឱ្យទារក ឬកុមារតូច នូវសម្លៀកបំពាក់ក្រាស់ៗពេក ឬរុំពួកគេក្នុងភួយ ដែលធ្វើឱ្យមានកម្តៅឡើងបន្ថែមទៀត។
៦-ចៀសវាងស្ថិតនៅក្រោមកំដៅថ្ងៃដោយផ្ទាល់យូរពេក ដោយត្រូវស្វែងរកម្លប់ជ្រក ឬប្រើរបាំងការពារកម្តៅព្រះអាទិត្យ។
៧-កាត់បន្ថយកម្តៅចូលក្នុងផ្ទះ ដោយបិទទ្វារឬបាំងវាំងនននៅពេលថ្ងៃ និងបើកបង្អួចនៅពេលយប់។
៨-ប្រសិនបើអ្នកចេញទៅខាងក្រៅផ្ទះ ត្រូវរៀបចំកាលវិភាគសកម្មភាពសម្រាប់ព្រឹកព្រលឹមបើអាចធ្វើបាន ឬពេលល្ងាចនៅពេលដែលសីតុណ្ហភាពចុះមកត្រជាក់។ ចៀសវាងសកម្មភាពនៅពេលថ្ងៃត្រង់ ឬនៅពេលព្រះអាទិត្យកំពុងពេញកម្តៅ។ ហាត់បន្ស៊ាំខ្លួនជាបណ្តើរៗជាមួយលក្ខខណ្ឌអាកាសធាតុក្តៅ។
៩-ប្រើកន្សែងសើមជូតមុខរបស់អ្នកពេលនៅក្នុងម្លប់ ឬដាក់វានៅជុំវិញករបស់អ្នក ប្រសិនមានអារម្មណ៍ថាក្តៅខ្លាំង។ ងូតទឹកត្រជាក់ឬទឹកធម្មតាឱ្យបានញឹកញាប់ ប៉ុន្តែត្រូវចៀសវាងការធ្វើឱ្យមានការផ្លាស់ប្តូរសីតុណ្ហភាពខ្លាំង គឺចៀសវាងការងូតទឹកត្រជាក់ភ្លាមៗ បន្ទាប់ពីត្រឡប់មកពីកន្លែងដែលមានសីតុណ្ហភាពក្តៅ ដែលអាចបណ្តាលឱ្យមានការថយចុះកម្តៅភ្លាមៗ និងអាចមានគ្រោះថ្នាក់ ជាពិសេសចំពោះមនុស្សចាស់ ឬកុមារ។
១០-ដឹងពីដែនកំណត់ និងសមត្ថភាពផ្ទាល់ខ្លួនរបស់លោកអ្នក ក្នុងការធ្វើការប្រកបដោយសុវត្ថិភាពក្នុងកម្តៅដែលអាចទ្រាំទ្របាន ហើយធ្វើការសន្សឹមៗកុំប្រញាប់ប្រញាល់។
១១-ចំណាយពេលសម្រាក និងជ្រកនៅកន្លែងដែលមានម្លប់ កន្លែងត្រជាក់ ឬស្នាក់នៅក្នុងផ្ទះ តាមដែលអាចធ្វើទៅបាន លុះត្រាតែអ្នកប្រាកដថារាងកាយរបស់លោកអ្នក មានភាពធន់ខ្ពស់អាចទប់ទល់ចំពោះកម្តៅក្នុងកម្រិតណាមួយ។
១២-កំណត់ការប្រើប្រាស់ចង្ក្រាន និងឡ ពីព្រោះវានឹងធ្វើឱ្យអ្នក និងផ្ទះរបស់អ្នកកាន់តែក្តៅ។
១៣-សមាជិកគ្រួសារ ត្រូវឧស្សាហ៍តាមដាន និងត្រួតពិនិត្យមើលឱ្យបានញឹកញាប់ លើអ្នកងាយ
រងគ្រោះដោយសារអាកាសធាតុក្តៅ រួមមាន មនុស្សចាស់អាយុចាប់ពី៦០ឆ្នាំ អ្នកកំពុងមានជំងឺ កុមារអាយុតិចជាង២ឆ្នាំ អ្នកមានជំងឺរ៉ាំរ៉ៃ និងអ្នកមានជំងឺផ្លូវចិត្ត ពីព្រោះពួកគេអាចត្រូវការជំនួយយ៉ាងតិចណាស់ពីរដងក្នុងមួយថ្ងៃក្នុងអំឡុងពេលអាកាសធាតុក្តៅ។ សូមកុំទុកពួកគាត់ចោលដោយមិនបានតែសួរសុខទុក្ខពួកគាត់។
១៤-ប្រសិនបើមានរោគសញ្ញា ដូចជា៖ វិលមុខ ចង្អោរឬក្អួត ឈឺក្បាល រមួលសាច់ដុំ (រមួលក្រពើ) ដែលជាសញ្ញាដំបូងនៃផលប៉ះពាល់នៃកម្តៅ ត្រូវផ្លាស់ទីទៅកាន់កន្លែងត្រជាក់ និងត្រូវសម្រាកពីរ បីនាទី ហើយពិសាភេសជ្ជៈត្រជាក់យឺតៗ កុំបន្តសកម្មភាព ព្រោះអាចនាំឱ្យមាន ហានិភ័យខ្ពស់។ ចៀសវាងដាច់ខាតនូវការចោមរោមជុំជិតអ្នកដែលមានបញ្ហាសុខភាព។ សូមស្វែងរកការព្យាបាលភ្លាមៗ នៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតផ្ទះរបស់លោកអ្នក ប្រសិនបើមិនធូរស្រាល ៕