ក្រសួងមុខងារសាធារណៈ បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើវិធានការ និងផែនការសកម្មភាព ដើម្បីអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ
ភ្នំពេញ៖ ក្នុងនាមជាលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) ក្រសួងមុខងារសាធារណៈ បានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើវិធានការ និងផែនការសកម្មភាពដើម្បីអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។
កិច្ចប្រជុំនាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាលនេះ ដឹកនាំដោយ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការ នៃគ.វ.រ. និងមានការអញ្ជើញចូលរួមដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលជាអនុប្រធានគ.វ.រ. ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ដែលជាសមាជិក ប្រមាណជាង១០០នាក់។
ក្រោយការធ្វើបទបង្ហាញលើសេចក្តីព្រាង វិធានការ និងផែនការសកម្មភាព ដើម្បីអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស) អង្គប្រជុំបានបន្តការពិភាក្សា កែលម្អសេចក្តីព្រាង និងចូលរួមជាធាតុចូលជាច្រើន លើសកម្មភាពនានាដែលគាំទ្រដល់ការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរួមមាន៖ (១) ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី (២) ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន និង(៣)ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តផ្អែកលើសមិទ្ធកម្ម។
ជាស្មារតីកិច្ចប្រជុំ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា «ការងារកែទម្រង់រដ្ឋបាលសាធារណៈ មិនមែនជារឿងថ្មីនោះទេ តែទាមទារការធ្វើជាប្រចាំ កាន់តែសកម្ម កាន់តែលម្អិត មានប្រសិទ្ធភាព និងប្រសិទ្ធផល»។
ក្នុងន័យនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចថាការចូលរួមជាមតិយោបល់ ដែលជាធាតុចូល សំខាន់ៗដែលមិនត្រឹមតែសម្រាប់ការរៀបចំវិធានការ និងផែនការសកម្មភាព ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈចំពោះមុខតែប៉ុណ្ណោះទេ តែជាការរៀបចំ កសាង និងតម្រង់ទិសរដ្ឋបាលសាធារណៈរបស់កម្ពុជាក្នុងរយៈពេលយូរអង្វែងនាពេលអនាគត។ កិច្ចការកែទម្រង់ច្បាស់ណាស់ថា នឹងមានផលជះដល់ប្រតិបត្តិការណាមួយរបស់បុគ្គល និងស្ថាប័ន តែអ្វីដែលជាគោលដៅសំខាន់ជាងគេបំផុត គឺផលប្រយោជន៍សម្រាប់ជាតិ និងប្រជាជនជារួម ដែលទាមទារឱ្យមានចក្ខុវិស័យវែងឆ្ងាយ មានឆន្ទៈនយោបាយ មានការចូលរួម និងមានការលះបង់ទាំងអស់គ្នា។ស្របពេលដែលសេចក្តីព្រាងវិធានការ និងផែនការសកម្មភាព ដើម្បីអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈនេះ កំពុងត្រូវបានកែលម្អ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រធានអង្គប្រជុំ បានកំណត់កាលបរិច្ឆេទសម្រាប់ការបន្តទទួលយកធាតុចូល និងបានលើកទឹកចិត្តដល់ក្រសួងស្ថាប័ននានា ឱ្យបន្តធ្វើការសហការឱ្យបានស្អិតរមួតជាមួយគ្នាក្នុងន័យអនុវត្តការងារបណ្តើរ និងសិក្សាកែលម្អជាបណ្តើរៗ៕