ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រគល់រថយន្ត២៥កៅអី ដល់សមាគម វិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក (VOB) ដែលជាអំណោយរបស់សម្តេចធិបតី
ភ្នំពេញ៖ នារសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់រថយន្ត២៥កៅអី និងគ្រឿងឧបភោគបរិភោគ ជូនដល់សមាគម វិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក (VOB)។ សម្ភារៈដែលបានរៀបរាប់ខាងលើគឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបប្រកបដោយក្ដីសោមនស្សរីករាយឯកឧត្តមបានធ្វើការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូន ដែលបានតស៊ូមិនបោះបង់ចោលក្ដីសង្ឃឹមរបស់ខ្លួន ព្រមទាំងលើកទឹកចិត្តដល់សមាគម វិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក (VOB) ឱ្យបន្តការងារផ្សព្វផ្សាយ និងលើកកម្ពស់កិត្យានុភាពជាតិ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជឿជាក់ថា សម្ភារៈដែលបានប្រគល់ជូននាថ្ងៃនេះ នឹងជួយសម្រាលបន្ទុកការងារប្រចាំថ្ងៃ ក៏ដូចជាសម្រួលដល់ការធ្វើដំណើររបស់បងប្អូនផងដែរ។
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរដែលនឹងឈានមកដល់នាពេលខាងមុខនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បាននាំយកការផ្ដាំផ្ញើរការសួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសារជូនពរពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកជំទាវបណ្ឌិត និងមានប្រសាសន៍ជូនពរដល់ថ្នាក់ដឹកនាំ និងក្រុមការងារនៃសមាគមឱ្យជួបប្រទះតែសេចក្តីសុខ សុភមង្គល ជោគជ័យគ្រប់ភារកិច្ច។
គួរបញ្ជាក់ដែរថា សមាគម វិទ្យុ និងទូរទស្សន៍សំឡេងជនពិការភ្នែក គឺជាស្ថាប័នតែមួយគត់ ដែលមានភាគរយនៃជនមានពិការភាព បានចូលបំរើការងារនៅក្នុងស្ថាប័ននេះ ច្រើនជាងគេបំផុតក្នុងចំណោមស្ថាប័នផ្សេងៗទៀត ទាំងគ្រឹះស្ថានរដ្ឋ និងឯកជន នៅក្នុងប្រទេសកម្ពុជា ហើយបច្ចុប្បន្ន អង្គភាពនេះមានការិយាល័យកណ្តាលរបស់ខ្លួន ស្ថិតនៅក្នុងទីក្រុងភ្នំពេញ ព្រមទាំងមានសាខាចំនួន៤ផ្សេងទៀត នៅតាមបណ្តាខេត្តនានា ដូចជា៖ ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ ៕