សម្ដេចធិបតី៖ ក្រសួងផែនការមានតួនាទីសំខាន់ ជាសេនាធិការរបស់រាជរដ្ឋាភិបាល នៅក្នុងការសម្របសម្រួល ការរៀបចំផែនការយុទ្ធសាស្រ្ដអភិវឌ្ឍជាតិ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ក្រសួងផែនការមានតួនាទីសំខាន់ ជាសេនាធិការរបស់រាជរដ្ឋាភិបាល នៅក្នុងការសម្របសម្រួល ការរៀបចំផែនការយុទ្ធសាស្រ្ដអភិវឌ្ឍជាតិ ផែនការវិនិយោគសារធារណៈ ការងារអត្ដសញ្ញាណគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ការងារលើកកម្ពស់អាហាររូបត្ថម្ភ ការងាររៀបចំនិងគ្រប់គ្រងប្រព័ន្ធទិន្នន័យជាតិនិងផលិត និងផ្សព្វផ្សាយស្ថិតិជាតិលើវិស័យចម្បងៗដែលរួមមានស្ថិតិប្រជាសាស្រ្ដ សេដ្ឋកិច្ច សុខភាព សង្គមកិច្ច និងកសិកម្មសម្រាប់ក្រសួង ស្ថាប័ននានាប្រើប្រាស់ក្នុងការរៀបចំផែនការអភិវឌ្ឍ និងការតាមដានត្រួតពិនិត្យតាមវិស័យរបស់ខ្លួន និងការងារប្រជាជន និងការអភិវឌ្ឍ។
សម្ដេចធិបតី បានលើកឡើងបែបនេះ ក្នុងឱកាសដែសម្ដេចអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងផែនការ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងផែនការគឺជាសេនាធិការរបស់រាជរដ្ឋាភិបាល នៅក្នុងការរៀបចំ និងសម្របសម្រួលការងារ ក្នុងផែនការអន្តរជាតិជាច្រើនទៀត រួមមាន៖ ការងារគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ការងារពង្រឹងនិងតាមដានការអនុវត្ដកម្មវិធីសកម្មភាពនៃសន្និសិទអន្ដរជាតិស្ដីពីប្រជាជននិងការអភិវឌ្ឍ ការងាររៀបចំចាកចេញរបស់កម្ពុជាពីចំណាប់ថ្នាក់ប្រទេសអភិវឌ្ឍតិចតួច នៅក្នុងនោះសាលាជាតិផែនការ និងស្ថិតិ គឺជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលធនធានមនុស្សដ៏មានសារៈសំខាន់លើវិស័យផែនការ ស្ថិតិ និងវិទ្យាសាស្រ្ដ ដែលស្របជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស ៕