សម្តេចធិបតី លើកទឹកចិត្តដល់គូស្វាមីភរិយា ដែលមានលទ្ធភាពខាងសេដ្ឋកិច្ច គួរមានកូនច្រើន ដើម្បីចៀសវាងនូវហានិភ័យនាកង្វះកម្លាំង នាពេលអនាគត
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកទឹកចិត្តដល់គូស្វាមីភរិយា ដែលមានលទ្ធភាពខាងសេដ្ឋកិច្ច គួរមានកូនច្រើនលើសពីកម្រិត ជំនួស (២,១) ដើម្បីចៀសវាងនូវហានិភ័យនាកង្វះកម្លាំង នាពេលអនាគត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងផែនការ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ គឺឈរលើគោលការណ៍ ទទួលស្គាល់ និង គាំទ្រចំពោះសិទ្ធិរបស់គូស្វាមីភរិយា និង បុគ្គលទាំងអស់ ឱ្យមានសិទ្ធិជាមូលដ្ឋានក្នុងការសម្រេចចិត្ត ដោយសេរី និងដោយទទួលខុសត្រូវលើចំនួនកូន និង ការពន្យារកំណើត ហើយឱ្យមានលទ្ធភាពទទួលបាននូវព័ត៌មាន ការអប់រំ សេវា និង មធ្យោបាយ ដើម្បីធ្វើការសម្រេចចិត្តនេះ ៕