សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់ឲ្យក្រុមការងារនាំយកអំណោយ និងរៀបចំអាហារ ជូនដល់ជនមានពិការភាពនៃសមាគមតន្ត្រីសំនៀងជនពិការ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
ភ្នំពេញ៖ គ្រប់កាលៈទេសៈ មានអ្នកម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កូនៗជាប្រជាពលរដ្ឋ មិនរងារឯការ ទុកចោលដោយគ្មានការជួយសង្គ្រោះនោះទេ ជាក់ស្ដែងជនមានពិការភាពប្រមាណ៣៥០នាក់ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនមានពិការភាពភ្នែក (សមាគមតន្ត្រីសំនៀងជនពិការ) តែងតែទទួលបានក្ដីស្រលាញ់ អាណិត មេត្ដា ករុណា សណ្ដោសប្រណី និងខ្វល់ខ្វាយជាប់ជានិច្ច។
ជាក់ស្ដែងនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងផ្ដល់អំណោយមនុស្សធម៌ ដែលនេះជាលើកទី១៧ហើយ ចាប់តាំងពីឆ្នាំ២០១៤មក ពិសេសបានរៀបចំអាហារដ៏ឈ្ងុយឆ្ងាញ់ផងដែរ ដល់ជនពិការភាពនៅក្នុងមជ្ឈមណ្ឌល ដែលស្ថិតនៅភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកជំទាវ តាន់ ម៉េងហួយ កេគីមសែ នាយខុទ្ទកាល័យសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ, ព្រះនាងតូច នរោត្តម ជេនណា ព្រមទាំងថ្នាក់ដឹកនាំ សប្បុរសជន តារាចម្រៀង តារាសម្តែង ជាសិល្បៈករ សិល្បៈការិនីជាច្រើនរូបផងដែរ។
ក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិត ស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះក្មួយៗចៅៗ ដែលមានពិការភាពទាំងអស់ និងសូមលើកទឹកចិត្តឱ្យភាពពិការនេះ ប្រែក្លាយជាការខិតខំប្រឹងប្រែង ពង្រឹងសមត្ថភាព និងវិជ្ជាជីវៈខ្លួនឯងឱ្យស័ក្តិសមថា «ពិការកាយ តែមិនពិការចិត្ត»។
លោកជំទាវក៏បានថ្លែងការកោតសរសើរ ចំពោះជនពិការភាព ដែលបានខិតខំប្រឹងប្រែង លើកគុណតម្លៃផ្ទាល់ខ្លួន តាមរយៈការប្រព្រឹត្តនូវអំពើល្អ ឬអំពើទាំងឡាយណាដែលជាគុណប្រយោជន៍របស់សង្គមជាតិ ជាពិសេសការប្តេជ្ញាចិត្តបណ្តុះនូវគុណតម្លៃផ្ទាល់ខ្លួនដើម្បីជួយខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។
ក្នុងនោះប្រធានសមាគមតន្ត្រីសំនៀងជនពិការ លោក ចាប តូ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្ដទុកដាក់គ្រប់ពេលវេលា គិតគូរគ្រប់ជ្រុងជ្រោយ ជាពិសេស ផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់កូនៗចៅៗមានពិការភាពទាំងអស់ ឱ្យបានរស់រានក្នុងភាពថ្លៃថ្នូរ ស្មើមុខស្មើមាត់ ក្នុងសង្គមមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
លោក ចាប តូ តំណាងឱ្យជនមានពិការភាពទាំងអស់ បានលើកឡើងថា «យើងខ្ញុំជាជនមានពិការភាពទាំងអស់ ពិការតែកាយ តែបេះដូងមិនពិការឡើយ។ យើងខ្ញុំមានបេះដូង មានទឹកចិត្ត មានការតស៊ូ ចេះជួយខ្លួនឯង និងជួយអ្នកដទៃ ហើយអាចចូលរួមក្នុងកិច្ចការងារសង្គមបាន ជាពិសេសចូលរួមក្នុងការការពារសុខសន្តិភាព។ យើងខ្ញុំទាំងអស់គ្នា សូមអរគុណសន្តិភាព! សូមអរគុណសម្ដេចពុក សម្តេចតេជោ! សូមអរគុណអ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន! និងសូមអរគុណកាកបាទក្រហមកម្ពុជា!»។
ជាមួយគ្នានោះលោកស្រី ញ៉ែម មរកត ប្រធានកិត្តិយសសមាគមតន្ត្រីសំនៀងជនពិការ បានសម្តែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរពីការរស់នៅ បានបញ្ចប់នូវការលំបាកដល់ជនដែលមានពិការភាពភ្នែក នៃសមាគមតន្ត្រីសំនៀងជនពិការ ឱ្យកូនក្មួយមានអគារស្នាក់នៅ មានគ្រែគេងស្អាត មានផ្លូវថ្នល់ចេញចូល មានសិទ្ធិសេរីភាពពេញលេញ មិនដើរជួលផ្ទះ មិនដើរសុំទានគេ មិនដើរច្រៀងតាមចិញ្ចើមថ្នល់ ជាពិសេសបានផ្តល់កន្លែងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពង្រឹងសមត្ថភាពជនមានពិការភាពដូចពេលនេះ។
លោកស្រីបានបន្ដទៀតថា «ក្រោមការសណ្ដោសប្រណីប្រកបដោយព្រហ្មវិហារធម៌ របស់មាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ពេលនេះកូនៗនៅក្នុងសមាគម មានភាពស្រស់ស្រាយ ស្លៀកពាក់សមរម្យ ការបរិភោគគ្រប់គ្រាន់ មានមុខ មានមាត់នៅក្នុងសង្គម កូនចៅទាំងអស់គ្នាពិតជាមានរំភើបសប្បាយរីករាយរកអ្វីផ្ទឹមមិនបានឡើយ»។
មុននឹងបញ្ចប់ការសំណេះសំណាល លោកជំទាវ ម៉ែន នារីសោភ័គ បានថ្លែងថា ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានទូលថ្វាយថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុតចំពោះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេបានយាងតាមគន្លងព្រះរាជវីរៈគំរូមនុស្សធម៌របស់ សម្តេចព្រះបរមរតនកោដ្ឋ ជារៀងដរាបរៀងមក តែងតែគិតគូរពីសុខទុក្ខរបស់ប្រជានុរាស្ត្រនៅទូទាំងប្រទេសហើយជាពិសេសព្រះអង្គទាំងទ្វេតែងតែបរិច្ចាកព្រះរាជទ្រព្យដល់កាកបាទក្រហមកម្ពុជា ជារៀងរាល់ខែ រៀងរាល់ត្រីមាស ជាពិសេសក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ជារៀងរាល់ឆ្នាំ។
ជាមួយគ្នានេះ សូមថ្លែងអំណរគុណចំពោះ សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជាជាបន្តបន្ទាប់ ដើម្បីផ្តល់លទ្ធភាពដល់កាកបាទក្រហមកម្ពុជា បានចុះធ្វើសកម្មភាពជួយសម្រាលការលំបាកដល់អ្នកងាយរងគ្រោះបំផុត គ្រប់ទីកន្លែង ជាក់ស្តែងសមាគមតន្ត្រីសំនៀងជនពិការនេះ គឺជាកន្លែងទី៤ហើយ ដែលកាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ និងផ្តល់អំណោយក្នុងឱកាសបុណ្យចូលឆ្នាំនេះ។
សូមជម្រាបថា ក្នុងឱកាសចុះសួរសុខទុក្ខ និងរៀបចំអាហារមួយពេលដ៏ឈ្ងុយឆ្ងាញ់នេះ កាកបាទក្រហមកម្ពុជា ក៏បាននាំយកនូវអំណោយផ្តល់ជូនមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនមានពិការភាពភ្នែក រួមមាន៖ រួមមាន៖ អង្ករ ៣តោន, មី ២០កេស, ត្រីខ ៥កេស, ទឹកត្រី ១០យួរ, ទឹកសុទ្ធ ៤០កេស, ទឹកក្រូច ៣០កេស, ផ្លែក្រូច ៥កេស, អាល់កុល ៣០ប៊ីដុង និងថវិកា ១០លានរៀល៕