ក្រសួងមុខងារសាធារណៈ បើកសិក្ខាសាលាផ្សព្វផ្សាយនីតិវិធី និងវិធីសាស្រ្តអនុវត្តការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល
ភ្នំពេញ៖ មន្ត្រីរាជការវិស័យអប់រំ និងវិស័យសុខាភិបាលជាង៧០០នាក់ មកពីខេត្តចំនួន៧ ដើម្បីចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយនីតិវិធី និងវិធីសាស្រ្តអនុវត្តការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។
ពិធីនេះប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ នៅសាលសន្និសីទសាលាខេត្តកំពង់ចាម ក្រុមអធិបតីភាពឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំក្រសួងមុខងារសាធារណៈ និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។
ឯកឧត្ដមអភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា បន្ទាប់ពីការដាក់ឱ្យអនុវត្តការវាយតម្លៃ របស់គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈ ក្នុងឆ្នាំ២០១៨ ខេត្តកំពង់ចាម បានបញ្ជូនបេក្ខភាពមន្ទីរពេទ្យបង្អែកចំនួន៥ (មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បាធាយ ជើងព្រៃ ចំការលើ និងព្រៃឈរ) និងសាលាចំនួន២ (វិទ្យាល័យហ៊ុន សែន កំពង់ចាម ក្រុងកំពង់ចាម និងវិទ្យាល័យ ហ៊ុន សែន ខ្ចៅ ស្រុកកងមាស) ចូលរួមក្នុងការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដោយក្នុងនោះ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ទទួលជ័យលាភីជាអង្គភាពគំរូចំណាត់ថ្នាក់លេខ១ សម្រាប់ វិស័យសុខាភិបាលដែលផ្តល់សេវាសំណុំ សកម្មភាពបង្គ្រប់កម្រិត៣ និងសាលាមិនបានទទួលជ័យលាភីជាអង្គភាពគំរូឡើយ។ ដោយសារវិបត្តិការរីករាលដាលនៃជំងឺកូវីដ-១៩ ការងារវាយតម្លៃ ត្រូវបានពន្យាពេលរហូតដល់ឆ្នាំ ២០២២។
ចំណែកឯនៅក្នុងឆ្នាំ២០២៣ កន្លងទៅ ខេត្តកំពង់ចាម បានបញ្ជូនបេក្ខភាព ចូលរួមវាយតម្លៃ និងការទទួលស្គាល់អង្គភាព ផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ ចំនួន៤សាលា គឺ (អនុវិទ្យាល័យទួលថ្ម ក្រុងកំពង់ចាម, អនុវិទ្យាល័យអន្លង់អកសាលាបឋមសិក្សាថ្លុកជ្រៅ និងបឋមសិក្សាគងជ័យ ក្នុងស្រុកកងមាស) និងវិស័យសុខាភិបាលចំនួន២ គឺ (មណ្ឌលសុខភាពសំបូរ ស្រុកបាធាយ និងមណ្ឌលសុខភាពស្ពឺ ស្រុកចំការលើ) ជាលទ្ធផលមណ្ឌលសុខភាពស្ពឺ ស្រុកចំការលើ ទទួលចំណាត់ថ្នាក់លេខ៩ ជ័យលាភីជាអង្គភាពគំរូ សម្រាប់វិស័យសុខាភិបាល និងទទួលជ័យលាភីជាអង្គភាពគំរូ សម្រាប់វិស័យអប់រំចំណាត់ថ្នាក់លេខ៦ បានទៅអនុវិទ្យាល័យអន្លង់អក ស្រុកកងមាស និងលេខ៧ អនុវិទ្យាល័យទួលថ្ម ក្រុងកំពង់ចាម។
ឯកឧត្ដមអភិបាលខេត្តកំពង់ចាម បានយកឱកាសនោះ ជំនួសឲ្យសមាជិក សមាជិកាទាំងអស់ មកពីខេត្តត្បូងឃ្មុំ ព្រៃវែង ក្រចេះ, ស្ទឹងត្រែង រតនគិរី ខេត្តមណ្ឌលគីរី និងខេត្តកំពង់ចាម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រសួងមុខងារសាធារណៈ ដែលបានរៀបចំសិក្ខាសាលានេះឡើង ដើម្បីចែករំលែកព័ត៌មានជូនដល់សមាជិក សមាជិកានៃគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈ ថ្នាក់ខេត្ត ក្រុង-ស្រុក នាយក នាយិកាវិទ្យាល័យ និងសាលាមត្តេយ្យសិក្សា និងប្រធានមន្ទីរពេទ្យបង្អែកបានយល់ដឹងកាន់តែច្បាស់ អំពីនីតិវិធីនិងវិធីសាស្ត្រអនុវត្តការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ សម្រាប់កម្រិតវិទ្យាល័យ សាលាមត្តេយ្យសិក្សា និងមន្ទីរពេទ្យបង្អែកដែលត្រូវអនុវត្តក្នុងឆ្នាំ ២០២៤នេះ៕