ឯកឧត្តម ស្វាយ សំអ៊ាង និងឯកឧត្តម ឈាង ឡាក់ អញ្ជើញចុះសួរសុខទុក្ខកម្លាំងកងទ័ពឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ទីបញ្ជាការកងអនុសេនាធំទី១(កោះទន្សាយ) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
ភ្នំពេញ៖ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្ត និងឯកឧត្ដម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានអញ្ជើញចុះសួរសុខទុក្ខកម្លាំងកងទ័ពដែលឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ទីបញ្ជាការកងអនុសេនាធំទី១(កោះទន្សាយ) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។
ជាកិច្ចចាប់ផ្តើម លោកវរសេនីយ៍ឯក ជៀវ ហួន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងសៀមប៉ាង បានថ្លែងថា តាំងនាមខ្ញុំបាទជាមេបញ្ជាការ ផ្នែកសឹករងសៀមប៉ាង តំណាងឲ្យអង្គភាពផ្នែកសឹករងសៀមប៉ាង អង្គភាព វរសេនាតូចអន្តរាគមន៍លេខ២ តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ជាអង្គភាពជួរមុខ ឈរជើងការពារខ្សែបន្ទាត់ព្រំដែន កម្ពុជា-ឡាវ។
លោកវរសេនីយ៍ឯក មេបញ្ជាការ សូមស្វាគមន៍ និងសម្តែងនូវមនោសញ្ចេតនា គោរពដឹងគុណ យ៉ាងជ្រាលជ្រៅបំផុត គោរពជូន ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង ព្រមទាំង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាប្រតិភូអមដំណើរទាំងអស់ ដែលបានឆ្លៀតឱកាសដ៏មានតម្លៃ អញ្ជើញមកសួរសុខទុក្ខ និងចែកអំណោយ ដល់នាយទាហាន នាយទាហានរង និងពលទាហាន អង្គភាពជួរមុខការពាព្រំដែនកម្ពុជា-ឡាវ ដែលប្រព្រឹត្តិទៅនៅ ទីបញ្ជាការកងអនុសេនាធំទី១(កោះទន្សាយ) នាពេលនេះ ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈាន ចូលមកដល់នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ។
កម្លាំងទ័ពការពារព្រំដែនទាំងអស់ និងខ្ញុំបាទ មានការសប្បាយរីករាយជាទីបំផុត រកអ្វីប្រៀបផ្ទឹមពុំបាន ដល់ឯកឧត្តមអភិបាលខេត្ត ដែលតែងតែយកចិត្តទុកកដាក់ ខិតខំដោះស្រាយឧបត្ថម្ភ ដល់កងកម្លាំងជួរមុខជារៀងរាល់ឆ្នាំ ទាំងស្មារតី សម្ភារះ ថវិកា និងមានអនុ សាសន៍ល្អៗ បំពាក់បំប៉ន បង្កើនស្មារតី ដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ដើម្បីការពារជាតិមាតុភូមិ ការពារអធិបតេយ្យភាព បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា អោយបានគង់វង្ស។
ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក ជៀវ ហួន ក៏បានធ្វើរបាយការណ៍ដោយសង្ខេប អំពីការងារមួយចំនួន ក្នុងភូមិសាស្ត្រទទួលខុសត្រូវ ផ្នែកសឹករងសៀមប៉ាង មានដូចខាងក្រោម៖
១. អំពីការងារសន្តិសុខតាមព្រំដែន (ស្ថេរភាពល្អ) ក៏ប៉ុន្តែនៅក្នុងទឹកដីឡាវចន្លោះបង្គោលព្រំដែនលេខ០៥៥និង០៥៦ ចំងាយពីព្រំដែនកម្ពុជា ប្រមាណពី១៥ទៅ២០គីឡូម៉ែត្រ ភាគីឡាវបានធ្វើលំហាត់បាញ់គ្រាប់ពិត កាំភ្លើងធំ ចំនួន០២លើក៖ លើកទី១ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ទាហានឡាវបាញ់ចំនួន ៩៤គ្រាប់ និងលើកទី២ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ទាហានឡាវបាញ់ចំនួន ៩២គ្រាប់ សរុបចំនួន១៨៦ គ្រាប់។
២. អំពីការងារដើរល្បាត តាមព្រំដែនទទួលខុសត្រូវរបស់ផ្នែកសឹករងសៀមប៉ាង មានចំងាយ១៣១គីឡូម៉ែត្រ ចាប់ពីបង្គោល ព្រំដែនលេខ០៣៨រហូតដល់០៧៨ កម្លាំងទាំងអស់ បានខិតខំដើរល្បាតក្តាប់សភាពការណ៍ និងទប់ស្កាត់បទល្មើសឆ្លងដែន គ្រប់ប្រភេទ ដោយបានសហការជាមួយនគបាលការពារព្រំដែន៧០១ផងដែរ។ ក្រៅពីការងារដើល្បាត កម្លាំងឈរជើងការពារព្រំដែន ផ្នែកសឹករងសៀមប៉ាង បានអនុវត្តយកចិត្តទុកដាក់ការពារសន្តិសុខជូន គណះកម្មាធិការជាតិបោះបង្គោលព្រំដែនទាំងពីរកម្ពុជា ឡាវ ពេលដំណើរការបោះបង្គោលបំពេញបន្ថែម និងការពារកម្លាំង វិស្វកម្ម៧១៥ កំពុងសាងសង់បង្គោលព្រំដែនបំពេញបន្ថែមថ្មី ទន្ទឹមនោះបានសហការជាមួយបរិស្ថានស្រុក ការពារដែនជម្រក សត្វព្រៃ មិនឲ្យមានការបរបាញ់សត្វ ដាក់អន្ទាក់ និងកាប់រានដីព្រៃ តាមផែនការដឹកនាំរបស់គណះបញ្ជាការឯកភាពរដ្ធបាល ស្រុកសៀមប៉ាង។
៣. ការងារកសាងអង្គភាព អំពីការជួសជុលលេណដ្ឋាន ជារៀងរាល់រដូវវស្សា ភ្លៀងធ្លាក់តែងតែមានទឹកហូរច្រោះបាក់ដី ខូចលេណដ្ឋានជាច្រើនកន្លែង កម្លាំងការពារព្រំដែនយើង បានធ្វើការស្តារនិងជួសជុលជារៀងរហូត មិនអោយមានការខូចខាតធានា មានលេណដ្ឋានល្អ រឹងមាំ គ្រប់ទីតាំងឈរជើង។ អំពីការងារបង្កបង្កើនផល ចិញ្ចឹមសត្វដាំបន្លែរបង្កា ដើម្បីជួយលើកកកម្ពស់ជីវភាពរស់នៅរបស់កងទ័ព អោយបានល្អប្រសើរ ធានាការហូកចុកគ្រប់គ្រាន់ ក្នុងនោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានឧបត្ថម្ភប្រាក់ហូបបំប៉នប្រយុទ្ធ ១នាក់ ៣០០០រៀលក្នុងមួយថ្ងៃជារៀងរាល់ខែ ដល់យោធិនជួរមុខការពារ ព្រំដែន បន្ថែមពីលើគោលរបបដែលមានស្រាប់។
៤. អំពីការងារអប់រំចិត្តសាស្ត្រ បានអនុវត្តរៀនសូត្រ១សប្តាហ៍២ថ្ងៃ ដល់យោធិនជួរមុខ អំពីច្បាប់លក្ខន្តិក បទវិន័យទូទៅ របស់កងយោពលខេរភូមិន្ទ និងបានធ្វើការផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងញៀនខុសច្បាប់ មិនឲ្យមានការប្រើប្រាស់ ជួញដូរក្នុងជួរកងទ័ព ផ្សព្វផ្សាយនយោបាយសង្គ្រាមចិត្តសាស្ត្រ និងនយោបាយសន្តិសុខជាតិ ដល់យោធិនគ្រប់រូប ដើម្បីលើកកម្ពស់ស្មារតី ស្នេហាជាតិ ប្តេជ្ញាការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ធាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះ ឆ្នោត មាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាថ្មីម្តងទៀតនៅក្នុងឱកាសដ៏សែនមនោរម្យរីករាយនេះ លោកវរសេនីយ៍ឯក ជាប ហួន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម ឈាង ឡាក់ និងឯកឧត្តម ស្វាយ សំអ៊ាង ព្រមទាំង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាប្រតិភូអមដំណើរទាំងអស់ ដែលបានឆ្លៀតឱកាសដ៏មានតម្លៃ អញ្ជើញមកសួរសុខទុក្ខ និងចែកអំណោយ ដល់នាយទាហាន នាយទាហានរង និងពលទាហាន អង្គភាពជួរមុខការពាព្រំដែនកម្ពុជា ឡាវ ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានថ្លែងថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត បានចុះសួរសុខទុក្ខកម្លាំងកងទ័ពដែលឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ឡាវ និងបានយកទីបញ្ជាការអនុសេនាទី១ ជាកន្លែងជួបជុំសំណេះសំណាលសួរសុខទុក្ខជាមួយកម្លាំងកងទ័ព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ។
បើតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការសឹករងស្ទឹងត្រែង ឲ្យដឹងថា កងកម្លាំងរបស់យើងមានរហូតទៅដល់ជាង៤០០នាក់ ប៉ុន្តែយកមកតែ១៥០នាក់ ដើម្បីចូលរួមជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ក្រុមប្រឹក្សាខេត្ត ក៏ដូចជាគណៈអភិបាលខេត្ត។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា ជារៀងរាល់ឆ្នាំ យើងតែងតែចាត់តាំងគណៈប្រតិភូដើម្បីចុះសួរសុខទុក្ខកងកម្លាំងជាប្រចាំ ដើម្បីផ្សារភ្ជាប់ជាមួយបណ្ដាកងកម្លាំងរបស់យើងដែលឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ឡាវនេះ។
ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត ក៏បានពាំនាំនូវការផ្តាំផ្ញើការនឹករលឹក និងសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីផ្ញើជូនទៅដល់កងកម្លាំងប្រដាប់អាវុធយើងទូទាំងខេត្តស្ទឹងត្រែង ក៏ដូចជាកងអនុសេនាធំទីមួយ និងផ្នែកប្រតិបត្តិការសឹករងសៀមប៉ាងរបស់យើងនេះ។
ឯកឧត្តមអភិបាលខេត្ត បានរំលេចថា ទោះបីជាសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មិនបានចុះផ្ទាល់ ប៉ុន្តែតាមរយៈក្រសួងការពារជាតិ ក៏ដូចជាមេបញ្ជាការភូមិភាគ១ ជាពិសេស បញ្ជាការឯកភាពខេត្ត តែងតែឲ្យគិតគូរយកចិត្តទុកដាក់ ផ្សារភ្ជាប់ជាមួយកងកម្លាំងរបស់យើង ដែលឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ហើយព្រមទាំងការគិតគូរបែងចែកសម្ភារៈមួយចំនួនដើម្បីឲ្យកម្លាំងរបស់យើងឈរជើងនៅតាមបន្ទាត់ព្រំដែននេះ មានសម្ភារៈ ក៏ដូចជារបស់របរប្រើប្រាស់ផ្សេងៗ។
ទន្ទឹមនេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះ កងកម្លាំង និងយោធាដែលការពារព្រំដែនរបស់យើង ដែលកន្លងមកបានខិតខំលះបង់គ្រប់បែបយ៉ាងក្នុងការឈរជើងនៅតាមគោលដៅ ដើម្បីការពារបូរណភាពទឹកដី ការពារខ្សែបន្ទាត់ព្រំដែន ដោយចំណាយពេលវេលា ក៏ដូចជាកម្លាំងកាយចិត្តយ៉ាងច្រើន ជាគុណបំណាច់យ៉ាងធំធេងក្នុងការការពារបូរណភាពទឹកដី ក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើងនេះ។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា ការលះបង់របស់កងកម្លាំងទាំងអស់នេះ ដើម្បីផលប្រយោជន៍នៃប្រជាជាតិយើងទាំងមូល ហើយនេះក៏ជាការរួមចំណែកក្នុងការយកចិត្តទុកដាក់បំពេញភារកិច្ចក្នុងនាមជាកងកម្លាំងរបស់ជាតិយើង ដែលជាកម្លាំងជាតិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។
មុននឹងបញ្ចប់ បើតាមការស្នើសុំរបស់លោកវរសេនីយ៍ឯក ជៀវ ហួន មេបញ្ជាការតំបន់ប្រតិបត្ដិការសឹករងសៀមប៉ាង មានស័ង្កសីចំនួន ៦០០សន្លឹក និងស្ពៃក្ដោបចំនួន ៥០គីឡូក្រាម ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត ក៏បានឯកភាពតាមការសុំរបស់លោកវរសេនីយ៍ឯក ជៀវ ហួន ផងដែរ។
សូមបញ្ជាក់ថា៖ អំណោយដែលបានផ្ដល់ជូនកងកម្លាំងតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ឈរជើងនៅតាមព្រំដែនកម្ពុជា-ឡាវ រួមមាន៖ អង្ករនាងមិញ (ខ្មែរប្រណិត) ចំនួន ៤,០០០គ.ក្រ, មីម៉ាៗ (កេសធំ) ២៤កេស ស្មើ ១៤៤កេសតូច, ត្រីខកំប៉ុង ២៤កេស, ទឹកស៊ីអ៊ីវ ២៤កេស, ទឹកត្រី ២៤កេស, ទឹកបរិសុទ្ធ (សេកុង) ចំនួន ៥០កេស និងថវិកា ៦.០០០.០០០រៀល (ប្រាំមួយលានរៀលគត់។ ដោយឡែកអំណោយដែលបានផ្ដល់ជូនកងកម្លាំងទីបញ្ជាការប្រចាំទិស នៃយោធភូមិភាគទី១ ឈរជើងនៅតាមព្រំដែនកម្ពុជា-ឡាវ រួមមាន៖ អង្ករនាងមិញ (ខ្មែរប្រណិត) ចំនួន ២.០០០គ.ក្រ, មីម៉ាៗ (កេសធំ) ១២កេស ស្មើ ៧២កេសតូច, ត្រីខកំប៉ុង ១២កេស, ទឹកស៊ីអ៊ីវ ១២កេស, ទឹកត្រី ១២កេស, ទឹកបរិសុទ្ធ (សេកុង) ២០កេស និងថវិកា ២.០០០.០០០រៀល (ពីរលានរៀលគត់)៕