ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្ដល់អំណោយជូនដល់កងកម្លាំងនគរបាលការពារព្រំដែនគោកលេខ៧០១ និងកងកម្លាំងកងរាជអាវុធហត្ថខេត្ត ឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ
ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ផ្ដល់ជូនដល់កងកម្លាំងនគរបាលការពារព្រំដែនគោកលេខ៧០១ និងកងកម្លាំងកងរាជអាវុធហត្ថខេត្ត ដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ នៅវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០១។
ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ត្រី ចាន់ សុផា ស្នងការរង ទទួលផែនវរនគរបាលព្រំដែនគោក សូមគោរពថ្លែងអំណរគុណយ៉ាង ជ្រាវជ្រៅគោរពជូនចំពោះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង គណៈអធិតី អស់លោក លោកស្រី ទាំងអស់ ដែលបាន ចុះសួរសុខទុក្ខ និងជូនពរកងកម្លាំងប្រដាប់អាវុធឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ នៅវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៧០១ នាពេលនេះ។
ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានថ្លែងថា ក្នុងនាមក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹងនាំខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធទាំងអស់ ចុះជួបសំណេះសំណាលជាមួយកម្លាំងនគរបាលការពារព្រំដែនវរសេនាតូច៧០១ ដែលឈរជើងការពារខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ក្នុងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្ត បានពាំនាំនូវការផ្ដាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជាឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដើម្បីផ្ញើជូនទៅដល់កម្លាំងនគរបាលការពារព្រំដែនដែលឈរជើងនៅទីនេះ ក៏ដូចជាកន្លែងដទៃនៅក្នុងខេត្តស្ទឹងត្រែងទាំងមូល។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា ជាការពិតណាស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏ដូចជាឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត រួមទាំងថ្នាក់ដឹកនាំខេត្ត ក៏ដូចជាស្នងការនគរបាលខេត្ត តែងតែបានគិតគូរពីកម្លាំងនគរបាលឈរជើងរបស់យើងនៅតាមច្រកព្រំដែនកម្ពុជា-ឡាវ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានកោតសរសើរ និងថ្លែងអំណរគុណចំពោះកងកម្លាំងរបស់យើងដែលបានខិតខំរយះពេលកន្លងមកនេះក្នុងការបំពេញភារកិច្ចទប់ស្កាត់រាល់បទល្មើសនានា ដូចជាបញ្ហាគ្រឿងញៀន, បញ្ហាឆ្លងដែនខុសច្បាប់, រួមទាំងការយាមល្បាតថែរក្សាបង្គោលព្រំដែន ក៏ដូចជាការសហការគ្នាជាមួយនឹងក្រុមការងារបោះបង្គោលព្រំដែន បង្គោលបំពេញបន្ថែមក៏ដូចជាបង្គោលពករំដែនដែលយើងបានអនុវត្តកន្លងមកនេះដែលទទួលបានលទ្ធផលល្អ។
ឯកឧត្តមអភិបាលខេត្ត បានបន្ដទៀតថា ការខិតខំប្រឹងប្រែងកងកម្លាំងរបស់យើងមានការតស៊ូព្យាយាមដើម្បីជម្នះនូវការលំបាកនេះដើម្បីធ្វើអោយទទួលបានលទ្ធផលល្អប្រសើរ ដូចជាកិច្ចសហប្រតិបត្តិការការបោះបង្គោលព្រំដែនបំពេញបន្ថែម ក៏ដូចជាបង្គោលព្រំដែនដែលជាការកំណត់នូវព្រំដែនកម្ពុជា-ឡាវ រួមទាំងការសហការគ្នាដើម្បីទប់ស្កាត់នូវបទល្មើសផ្សេងៗដែលជាស្មារតីរបស់កងកម្លាំងដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មដែលទទួលបានលទ្ធផលល្អប្រសើរ។
ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ជាការពិតណាស់កងកម្លាំងរបស់យើងតែងតែបំពេញភារកិច្ចព្រោះថាយើងជាកម្លាំងនគរបាលជាតិ, ក៏ដូចជាកម្លាំងការពារព្រំដែន ចឹងយើងមានភារកិច្ចការពារបូរណភាពទឹកដី និងជាសេនាធិការអោយស្នងការនគរបាលខេត្ដ និងជាសេនាធិការអោយក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការនគរបាលជាតិ ក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម។
មុននឹងបញ្ចប់ បើតាមការស្នើសុំរបស់លោកឧត្តមសេនីយ៍ត្រី ចាន់ សុផា ស្នងការរង ទទួលផែនវរនគរបាលព្រំដែនគោក នូវស័ង្កសីចំនួន ២០០សន្លឹក ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត ក៏បានឯកភាពនូវការស្នើសុំរបស់លោកឧត្តមសេនីយ៍ត្រី ស្នងការរង ផងដែរ។
សូមបញ្ជាក់ថា អំណាចរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់កម្លាំងនគរបាលការពារព្រំដែនគោកលេខ៧០១ រួមមាន៖ អង្ករនាងមិញ (ខ្មែរប្រណិត) ចំនួន ៣.០០០គ.ក្រ, មីម៉ាៗ (កេសធំ) ១៦កេស ស្មើ ៩៦កេសតូច, ត្រីខកំប៉ុង ១៦កេស, ទឹកស៊ីអ៊ីវ ១៦កេស, ទឹកត្រី ១៦កេស, ទឹកបរិសុទ្ធ (សេកុង) ៤០កេស និងថវិកា ៤.០០០.០០០រៀល (បួនលានរៀលគត់)។ ដោយឡែកអំណោយដែលផ្ដល់ជូនកម្លាំងកងរាជអាវុធហត្ថខេត្ត រួមមាន៖ អង្ករនាងមិញ (ខ្មែរប្រណិត) ចំនួន ២.០០០គ.ក្រ, មីម៉ាៗ (កេសធំ) ១២កេស ស្មើ ៧២កេសតូច, ត្រីខកំប៉ុង ១២កេស, ទឹកស៊ីអ៊ីវ ១២កេស, ទឹកត្រី ១២កេស, ទឹកបរិសុទ្ធ (សេកុង) ២០កេស និងថវិកា ២.០០០.០០០រៀល (ពីរលានរៀលគត់)៕