កម្ពុជា និងតំបន់ឈូងសមុទ្រពិសេស ក្វាងទុង ហុងកុង ម៉ាកាវ ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិ ក្នុងការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូរទំនាក់ទំនងធុរកិច្ច
ភ្នំពេញ៖ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងសហព័ន្ធតំបន់ឈូងសមុទ្រពិសេស ក្វាងទុង ហុងកុង ម៉ាកាវ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិ ក្នុងការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូរទំនាក់ទំនងធុរកិច្ចរវាងតំបន់ឈូងសមុទ្រពិសេស និងកម្ពុជា។
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះត្រូវបានធ្វើឡើងរវាង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង លោក បណ្ឌិត Jonathan KS Choi ប្រធាន សហព័ន្ធតំបន់ឈូងសមុទ្រពិសេស ក្រោមអធិប តី ភាពរបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយក រដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
មុនពិធីចុះហត្ថលេខានេះ លោកបណ្ឌិត Jonathan K.S. Choi ក៏បានដឹកនាំគណៈប្រតិភូធុរកិច្ច តំណាង សភាពាណិជ្ជកម្មចិនទូទៅពីក្រុងហុងកុង និងសម្ព័ន្ធតំបន់ឈូងសមុទ្រពិសេស ក្វាងទុង ហុងកុង ម៉ាកាវ ចូលជួបពិភាក្សាការងារជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីស្វែងយល់ អំពីអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងឱកាសវិនិយោគ។
ក្នុងកិច្ចប្រជុំនោះ លោកបានលើកឡើងពីភាពខ្លាំងនៃសេដ្ឋកិច្ចរបស់តំបន់ឈូងសមុទ្រពិសេស ក្វាងទុង ហុងកុង ម៉ាកាវ ដែលមានប្រជាជនជាង ៨៦ លាននាក់ និងមានផលិតផលក្នុងស្រុកសរុបជាង ២ទ្រីលានដុល្លារអាមេរិក ដោយសង្កត់ធ្ងន់ថាឈូងសមុទ្រពិសេសនេះជាច្រករបៀងបច្ចេកវិទ្យាទៅកាន់ពិភពលោក ដែលបាន និងកំពុងជំរុញនវានុវត្តន៍ និងកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន។
នៅក្នុងជំនួបនេះ គណៈប្រតិភូធុរកិច្ចចិនបានសម្តែងចំណាប់អារម្មណ៍យ៉ាងក្លៀវក្លាចំពោះឱកាសវិនិយោគចម្រុះនៅកម្ពុជា ជាពិសេសផ្តោតលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតង, ការដំឡើងរថយន្តអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធសាកថ្ម, ដំណោះស្រាយរក្សាថាមពល, ការកែច្នៃសំណល់ទៅជាថាមពល, ការប្រើប្រាស់បច្ចេកវិទ្យា 5G សម្រាប់ការទំនាក់ទំនងរួមបញ្ចូលគ្នា, បច្ចេកវិទ្យារូបភាពផ្កាយរណប និងអវកាសជាដើម។ លើសពីនេះ ក្រុមហ៊ុនដែលផ្តល់ដំណោះស្រាយឌីជីថលនៃតំបន់ឈូងសមុទ្រពិសេសនេះ ក៏ចង់រួមចំណែកដល់ការសម្រេចគោលដៅរបស់កម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលដ៏រស់រវើក រួមទាំងការអភិវឌ្ឍព្រលានយន្តហោះឆ្លាតវៃ និងកំពង់ផែឆ្លាតវៃជាដើម។
ឯកឧត្តម រដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការអភិវឌ្ឍប្រកបដោយចីរភាព និងស្វាគមន៍ចំពោះគំនិតផ្តួចផ្តើម ដូចជាតំបន់សេដ្ឋកិច្ចពិសេសបៃតង ដែលនឹងរួមបញ្ចូលក្រុមហ៊ុនបច្ចេកវិទ្យាកម្រិតខ្ពស់ និងការផលិតរថយន្តអគ្គិសនី។ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃមជ្ឈមណ្ឌល ភ័ស្តុភារកម្មនៅក្នុងសេដ្ឋកិច្ចកម្ពុជា ឯកឧត្តមបានស្នើឱ្យវិនិយោគិនចិនសិក្សាឱកាសវិនិយោគនៅក្នុងវិស័យនេះ ដោយបញ្ជាក់ការប្តេជ្ញាចិត្តរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ក្នុងការគាំទ្រការអភិវឌ្ឍស្តង់ដារជាតិសម្រាប់រថយន្តអគ្គិសនី។
ឯកឧត្តម បានសង្កត់ធ្ងន់លើតម្លៃនៃព័ត៌មានដែលច្បាស់លាស់ និងត្រឹមត្រូវ សម្រាប់ការសម្រេចចិត្តវិនិយោគ ដោយលើកឡើងថា៖ “ព័ត៌មានមានសារៈសំខាន់ណាស់ ហើយការទទួលបានព័ត៌មានមានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយអំពីសក្តានុពលវិនិយោគនៅកម្ពុជា គឺជាកត្តាសំខាន់សម្រាប់វិនិយោគិន ក្នុងការសម្រេចចិត្តដាក់ទុនវិនិយោគ។”
ឯកឧត្តមបានជម្រាបជូនរបៀបវារៈជាអាទិភាពរបស់ក្រសួង ដែលរួមមានការលើកកម្ពស់ការបង្កើតបន្ថែមតម្លៃនៃផលិតផលក្នុងស្រុក, ការចាប់យកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ការជំរុញ និងធ្វើពិពិធកម្មផលិតកម្ម និងឧស្សាហកម្ម, ព្រមទាំងការលើកកម្ពស់បច្ចេកវិទ្យាបៃតង និងបច្ចេកវិទ្យាចំណីអាហារ។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់នៃការរៀបចំតំបន់ប្រមូលផ្តុំ និងការបង្កើតចង្កោមឧស្សាហកម្ម និងសហគ្រាសធុនតូចនិងមធ្យម ដើម្បីពង្រឹងសក្តានុពល លើកម្ពស់នវានុវត្តន៍ សម្រួលទំនាក់ទំនងធុរកិច្ច និងជំរុញកំណើនសេដ្ឋកិច្ច។
លើសពីនេះ ឯកឧត្តមបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការជំរុញផលិតភាព តាមរយៈវិធានការនានា ដូចជាការអភិវឌ្ឍជំនាញជាដើម។
ឯកឧត្តមបានបង្ហាញក្តីសង្ឃឹមចំពោះចំណាប់អារម្មណ៍របស់គណៈប្រតិភូធុរកិច្ចចិនលើកម្ពុជា ដោយលើកឡើងថា៖ “តាមរយៈដំណើរទស្សនកិច្ចធុរកិច្ចនេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា លោកអ្នកនឹងចាប់អារម្មណ៍ លើកម្ពុជាកាន់តែខ្លាំង រាល់ការយល់ខុសទាំងឡាយនឹងត្រូវបានផ្លាស់ប្តូរ ការជឿជាក់លើឱកាសវិនិយោគរបស់លោកអ្នកនឹងនៅស្ថិតស្ថេរ ហើយចុងក្រោយ លោកអ្នកនឹង សម្រេច ចិត្ត វិនិយោគ និងសហការជា ដៃគូ នៅប្រទេសកម្ពុជា »៕