ឧត្តមសេនីយ៍ឯក អ៊ី សុខឃី ជំរុញក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន គិតគូរអំពីការស្នើសុំ ប.ស.ស ដល់ភ្នាក់ងាររបស់ខ្លួន ដើម្បីទទួលបានការគាំពារពីរាជរដ្ឋាភិបាល
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ បានជំរុញដល់ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន និងគ្រឹះស្ថាន សហគ្រាសប្រើប្រាស់សន្ដិសុខឯកជន ត្រូវគិតគូរអំពីការស្នើសុំប័ណ្ណបេឡាជាតិរបបសន្ដិសុខសង្គម ដល់ភ្នាក់ងាររបស់ខ្លួនដែលមិនទាន់មាន សំដៅដើម្បីឲ្យទទួលបានការគាំពាពីរាជរដ្ឋាភិបាល។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពតំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៥៩ របស់នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានកត់សម្គាល់ថា រហូតមកទល់ពេលនេះ មានក្រុមហ៊ុន សហគ្រាស និងគ្រឹះស្ថានមួយចំនួន បានស្នើសុំប័ណ្ណ ប.ស.ស នេះជូនភ្នាក់ងាររបស់ខ្លួនរួចរាល់ហើយ ប៉ុន្ដែនៅមានមួយចំនួនទៀត មិនទាន់បានបំពេញនោះទេ។
ក្នុងន័យនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ បានជំរុញធ្វើយ៉ាងណាឲ្យភ្នាក់ងារសន្ដិសុខឯកជន ដែលនៅសេសសល់ម្ចាស់ក្រុមហ៊ុន សហគ្រាស និងគ្រឹះស្ថានទាំងអស់នោះ ត្រូវតែស្នើសុំជូនភ្នាក់ងាររបស់ខ្លួន ដើម្បីទទួលបានការគាំពារផ្នែកសុខាភិបាលពីរាជរដ្ឋាភិបាល ពោលនៅពេលមានប័ណ្ណ ប.ស.ស នេះភ្នាក់ងារសន្ដិសុខឯកជន នៅពេលទៅទទួលសេវាសុខាភិបាលមិនបង់ថ្លៃនោះទេ ដោយរដ្ឋជាអ្នកទទួលបន្ទុកចំណាយជូន។
ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ី សុខឃី ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន សហគ្រាស និងគ្រឹះស្ថាននានា ដែលជានិច្ចជាកាលបានបញ្ជូនភ្នាក់ងាររបស់ខ្លួន មកទទួលការបណ្ដុះបណ្ដាលពីអគ្គស្នងការដ្ឋាននគរបាលជាតិ ពិសេសពីនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ដើម្បីឲ្យភ្នាក់ងាររបស់ខ្លួនមានសមត្ថភាពគ្រប់គ្រាន់ និងបំពេញការងារកាន់តែមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង បានបន្ដថា សម្រាប់អ្នកដែលទទួលបានការបណ្ដុះបណ្ដាលហើយនោះ ត្រូវមានឥរិយាបថសមរម្យក្នុងការចូលរួមធ្វើការងារ ដោយប្រកាន់យកអ្វីដែលជាការត្រឹមត្រូវក្រោយទទួលការបណ្ដុះបណ្ដាល គោរពឲ្យបាននូវលក្ខណៈសម្បត្តិជាភ្នាក់ងារសន្តិសុខឯកជន៖ ត្រូវមានវិន័យ, ក្រមសីលធម៌, ប្រើប្រាស់ឯកសណ្ឋានសន្តិសុខឯកជន និងសម្ភារៈបំពាក់ឲ្យបានគ្រប់គ្រាន់។
លើសពីនេះ ត្រូវបង្កើតកិច្ចសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរនៅមូលដ្ឋាន៖ ជាពលរដ្ឋល្អ និងមហាជនល្អ, ជាកម្លាំងជំនួយដ៏សំខាន់ដល់អាជ្ញាធរមានសមត្ថកិច្ច, សហការបានល្អ ឆ្លើយតបបានទាន់ពេលវេលា ពោលនៅពេលខ្លួនបានឃើញ ឬសង្ស័យលើសកម្មភាពល្មើសច្បាប់ណាមួយ មិនថាស្ថិតនៅក្នុងទីតាំងខ្លួនឈរជើង ឬទីណានោះទេ ត្រូវរាយការណ៍ភ្លាម ដល់អាជ្ញាធរ មានសមត្ថកិច្ច ឬមកនាយកដ្ឋាន ផ្ទាល់តាមរយៈលេខទូរស័ព្ទ ឬដើម្បីរួមគ្នាបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសបានទាន់ពេលវេលា។
ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង បានអំពាវនាវដល់ នាយកក្រុមហ៊ុនផ្ដល់សេវាសន្តិសុខឯកជន និងគ្រឹះស្ថាននានាបន្តចូលរួមគាំទ្រវគ្គបណ្ដុះបណ្ដាល ដោយបញ្ជូនភ្នាក់ងារសន្តិសុខឯកជនមកចូលរួមវគ្គសិក្សា ហើយសិក្ខាកាមទាំងអស់ត្រូវយកចំណេះដឹងដែលទទួលបានពីការសិក្សានេះទៅអនុវត្ត និងបន្តពង្រីកចំណេះដឹង ភាពឆ្លាតវៃ ភាពឆ្នៃប្រឌិត និងមានភាពទទួលខុសត្រូវខ្ពស់ក្នុងការបំពេញតួនាទីរបស់ខ្លួន។
យោងតាមរបាយការណ៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានឲ្យដឹងថា បច្ចុប្បន្ននេះ ការបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន សរុប៥៩លើក ដែលមានសិក្ខាកាមជាភ្នាក់ងារសន្តិសុខឯកជន ចំនួន១០,០៧៧នាក់ (ស្រី២១៨នាក់) និងសិក្ខាកាមជា នគរបាលជាតិ ចំនួន២៤៣នាក់ (ស្រី២០នាក់)។
ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានអះអាងថា ការបើកវគ្គបំប៉នជំនាញនេះ ក្នុងគោលបំណងដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការបង្កើនសមត្ថភាព ដើម្បីក្លាយខ្លួនជាភ្នាក់ងារសន្តិសុខឯកជនដែលមានជំនាញ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការចូលរួមចំណែកក្នុងសកម្មភាពថែរក្សា និងការពារស្ថេរភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់គោលនយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាពឲ្ហបានល្អប្រសើរ។
ក្នុងន័យនេះ យើងសង្កេតឃើញថា ភ្នាក់ងារសន្តិសុខឯកជន ដែលបានឆ្លងវគ្គបំប៉ន ជំនាញកន្លងមកនេះ ធ្វើឲ្យមានវិជ្ជាជីវៈច្បាស់លាស់ មានក្រមសីលធម៌ល្អ អប្បកិរិយាល្អ មានកិច្ច សហការល្អ និងចេះដឹងផ្នែកច្បាប់មួយចំនួន ធ្វើឲ្យវិស័យសន្តិសុខឯកជននេះមានការគាំពារ ប្រកបដោយគុណភាព និងនិរន្តភាព។
សូមជម្រាបថា ភ្នាក់ងារសន្តិសុខឯកជន ដែលទទួលបានការបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជននេះ គឺបានផ្ដល់ជូននូវវិញ្ញាបនប័ត្របញ្ជាក់ការសិក្សា ចេញដោយអគ្គស្នងការដ្ឋាននគរបាលជាតិ និងមានប័ណ្ណសម្គាល់ភ្នាក់ងារសន្តិសុខឯកជន ចេញដោយ នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ដើម្បីធ្វើការគ្រប់គ្រង និងគាំពារ ៕