សម្តេចធិបតី ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅខេត្តតាកែវដែលបានបោះឆ្នោតជូនគណបក្សប្រជាជន
ភ្នំពេញ៖ ក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅក្នុងស្រុកបាទី ខេត្តតាកែវ ដែលបានបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០២៣កន្លងទៅ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានចេញទៅបោះឆ្នោតមានចំនួន៩០% ហើយក្នុងនោះបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាចំនួន៨៦,៦៧% ដោយឡែកនៅស្រុកបាទី មានចំនួន៩៣,៣៩% បានចេញទៅបោះឆ្នោត ដែលក្នុងនោះ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាមានចំនួន ៨៨,៩៥%។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ពីការជឿទុកចិត្តរបស់បងប្អូនប្រជាពលរដ្ឋ ជូនទៅដល់ការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ និងថ្នាក់ដឹកនាំជាច្រើនរបស់គណបក្សប្រជាជនកម្ពុជា និងជឿទុកចិត្តទៅលើគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញកន្លងទៅដើម្បីផ្តល់នូវភាពរីកចម្រើននិងផ្តល់ភាពសម្បូរសប្បាយជូនប្រទេសជាតិនិងប្រជាជនរបស់យើង ៕