រដ្ឋបាលសាលាខេត្តពោធិ៍សាត់ និមន្តព្រះសង្ឃធ្វើពិធីសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីបណ្តេញនូវឧបទ្រុបចង្រៃ ដែលនៅសេសសល់ពីឆ្នាំចាស់ ទទួលអំណរអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី
ភ្នំពេញ៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ រដ្ឋបាលសាលាខេត្តពោធិ៍សាត់ បាននិមន្តព្រះសង្ឃចំនួន៧ព្រះអង្គ ធ្វើពិធីសូត្រ មន្តចម្រើន ព្រះបរិត្ត ដើម្បីបណ្តេញនូវឧបទ្រុបចង្រៃ ដែលនៅសេសសល់ពីឆ្នាំចាស់ ទទួលអំណរអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពស.២៥៦៧ គស.២០២៤ ដែលនឹងខិតជិតមកដល់នាពេលខាងមុខនេះ។
ពិធីនេះបានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ខូយ រីដា អភិបាលខេត្ត និងលោកជំទាវ អាំង សុជាតា ខូយរីដា, លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត មន្រ្តីរាជការគ្រប់ទីចាត់ គ្រប់ការិយាល័យ និងអង្គភាពចំណុះឱ្យរដ្ឋបាលសាលាខេត្តពោធិ៍សាត់យ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ខូយ រីដា អភិបាលខេត្ត និងលោកជំទាវ អាំង សុជាតា ខូយរីដា ព្រមទាំងលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត និងមន្រ្តីរាជការ បានទស្សនាការសម្តែងរបាំត្រុដិ ដែលជារបាំប្រពៃណីមួយ គេច្រើនលេងតែក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដើម្បីប្រសិទ្ធពរជ័យ សិរីសួស្តី ជូនដល់អ្នកស្រុក ក៏ដូចជាថ្នាក់ដឹកនាំផងដែរ៕