ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីភាពក្នុងពិធីជូនពរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៤កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍បទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីជូនពរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការស្តទី ប្រធាននាយកដ្ឋាន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សរុបប្រមាណ ៣៥០នាក់។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនា សេចក្តីស្រលាញ់យ៉ាងជ្រាលជ្រៅ សេចក្តីនឹករឭក និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបានថ្លែងអំណរគុណជូនចំពោះថ្នាក់នាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានខិតខំបំពេញការងារជូនក្រសួងអភិវឌ្ឍន៍ជនបទ ដោយទទួលបានលទ្ធផលគួរជាទីមោទនៈ ជាពិសេសថ្នាក់ដឹកនាំជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជំនាន់មុនៗ ដែលបានបន្សល់ទុកនូវស្នាដៃជាច្រើនសម្រាប់ជូន ឯកឧត្តមមន្ត្រី ដែលជាអ្នកបន្តវេន ៕