ឯកឧត្ដម ស្វាយ សំអ៊ាង និងលោកជំទាវយាន ឌីណា ផ្ញើសារជូនពរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តស្ទឹងត្រែង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
ភ្នំពេញ៖ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងលោកជំទាវយាន ឌីណាបានផ្ញើសារជូនពរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ នៅទូទាំងខេត្តស្ទឹងត្រែង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ គ្រិស្តសករាជ ២០២៤ ដែលនឹងចូលមកដល់ នាថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ។
ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានជូនពរប្រជាពលរដ្ឋអ្នកធ្វើដំណើរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងបានដាស់តឿនឱ្យបើកបរដោយការប្រុងប្រយ័ត្ន និងជៀសវាងការបើកបរក្នុងស្ថានភាពស្រវឹង។
ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលយប់នេះ ខ្ញុំព្រះករុណាខ្ញុំ សូមថ្លែងអំណរគុណចំពោះព្រះថេរានុថេរៈ គ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជាថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំ ក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរឃុំ-សង្កាត់ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ ក្នុងខេត្តស្ទឹងត្រែងដែលជានិច្ចកាលតែងតែយកអស់កម្លាំងកាយចិត្ត បញ្ញា ស្មារតី បំពេញ ភារកិច្ចប្រកបដោយ ការទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលគួរជាទីមោទនៈ។
រដ្ឋបាលខេត្តកំពុងផ្តោតលើជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងខេត្ត តាមរយៈវិធានការជំរុញការវិនិយោគ និងការកែលម្អរសក្តានុពលរបស់ខេត្តទាំងមូលបន្ថែមពីនេះឯកឧត្ដមអភិបាលខេត្ត ក៏បានប្ដេជ្ញាជំរុញឱ្យមានកំណើនទេសចរណ៍នៅក្នុងខេត្តតាមរយៈការអភិវឌ្ឍតំបន់ទេសចរណ៍ ផ្សព្វផ្សាយគោលដៅទេសចរថ្មីៗនៅក្នុងខេត្ត ហើយឯកឧត្ដមបានសង្កត់ធ្ងន់ថា យើងមានទំនុកចិត្តថានៅឆ្នាំ២០២៤ ក្នុងខេត្តយើងនឹងមានភាពប្រសើរឡើងហើយយើងជឿជាក់ថា ការកែលម្អរនេះនឹងនាំមកនូវជីវិតកាន់តែប្រសើរសម្រាប់ប្រជាជនក្នុងខេត្តស្ទឹងត្រែង។
បន្ថែមពីនោះ ឯកឧត្ដមអភិបាលខេត្តក៏បានថ្លែងអំណរគុណចំពោះមន្ត្រីរាជការ ដែលបានចំណាយពេលវេលាឈប់សម្រាក ដើម្បីបម្រើសេវាសាធារណៈ ដោយបន្ថែមថា អាជ្ញាធរកំពុងចាត់វិធានការដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្ត ថ្ងៃឈប់សម្រាកឆ្នាំថ្មីត្រូវបានគេស្គាល់ថាជា «ថ្ងៃសប្បាយរីករាយផងនិងគ្រោះថ្នាក់ផង» នៅតាមដងផ្លូវ ដោយសារមនុស្សកាន់តែច្រើនធ្វើដំណើរ និងជប់លាងក្នុងអំឡុងឆ្នាំថ្មី ។
ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខ្ញុំព្រះករុណា ខ្ញុំសូមឧទ្ទិសបួងសួងដល់ទេវតាឆ្នាំថ្មីព្រះនាម មហោទរាទេវី សូមតាមជួយថែរក្សា ប្រោសព្រំនូវសព្ទ សាធុការពរ សិរីសួស្តី ជ័យមង្គល បវរមហាប្រសើរថ្លៃថ្លា ប្រគេនព្រះថេរានុថេរៈ គ្រប់ព្រះអង្គ និងជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ព្រមទាំងក្រុម គ្រួសារ និងបងប្អូនប្រជាជន ខេត្តស្ទឹងត្រែងទាំងមូល សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕