ការទុកដាក់សំរាម និងចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បានល្អប្រសើរ ជួយឱ្យសោភ័ណភាពវត្តអារាម និងមូលដ្ឋានមានអនាម័យ ព្រមទាំងបង្កឱ្យប្រជាពលរដ្ឋ បានកម្សាន្តសប្បាយក្នុងរដូវបុណ្យចូលឆ្នាំថ្មី
ភ្នំពេញ៖ ការរៀបចំអនាម័យនិងសោភ័ណភាពនៅតាមកន្លែងសាធារណៈ តំបន់ទេសចរណ៍ វត្តអារាម និងមូលដ្ឋាន នៅទូទាំងប្រទេស ត្រូវបានមើលឃើញមានភាពស្រស់ស្អាត និងមានបរិស្ថានល្អ ជាទីគយគន់របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរមកចូលរួមកម្សាន្ត សប្បាយរីករាយ ក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះ ការលែងគប់ទឹក ដោយច្រកទឹកក្នុងថង់ប្លាស្ទិក លែងឃើញមានទៀតហើយ ដើម្បីកាត់បន្ថយសំរាម ប្លាស្ទិក និងផលប៉ះពាល់នានា។
លើសពីនេះ មន្ទីរបរិស្ថានរាជធានីខេត្ត បានខិតខំសហការរៀបចំឱ្យមានទីកន្លែង ទុកដាក់សំរាមបានល្អជាងពេលមុនៗ និងបានរៀបចំក្រុមសំអាតអនាម័យ និងបញ្រ្ជាបចំណេះដឹងអប់រំដល់ប្រជាពលរដ្ឋឱ្យចូលរួមនិងពង្រឹងការសំអាតអនាម័យបរិស្ថាន និងទុកដាក់សំរាមត្រឹមត្រូវ នៅតាមធុងសំរាម។
ការប្រែប្រួលឥរិយាបទវិជ្ជមាន នៃការទុកដាក់សំរាម នៅក្នុងឆ្នាំនេះ ជាការរួមចំណែកមួយយ៉ាងសំខាន់ថែមទៀត ក្នុងយុទ្ធនាការកាត់បន្ថួការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលទទួលបានជោគជ័យដោយមានប្រជាពលរដ្ឋទូទាំងប្រទេសចំនួនជិត៨លាននាក់ ហើយក្នុងនោះសិស្សានុសិស្សមានចំនួនជាង ៣,៤លាននាក់ បានចូលរួមដោយផ្ទាល់និងប្តេជ្ញាចិត្តឈប់ប្រើប្លាស្ទិក យ៉ាងតិច១ថ្ងៃក្នុង១សប្តាហ៍។
សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងកាលពីពេលថ្មីៗនេះថាភាពស្អាត និងសុខភាពប្រជាពលរដ្ឋជាការងារអាទិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអាណត្តិទី៧ បាននឹងកំពុងយកចិត្តទុកដាក់។ ការគ្រប់គ្រងសំណល់ គឺការកាត់បន្ថយសំណល់ប្លាស្ទិក ដែលឈានទៅបញ្ឈប់ការប្រើប្រាស់ប្លាស្ទិក ក្នុងចំណោមយុវជនជំនាន់ក្រោយ គ្មានសំណល់ប្លាស្ទិក ដើម្បីសហគមន៍ស្អាត បឹងបួរនឹងស្អាត តំបន់ធនធានធម្មជាតិគ្មានការបំពុលពីសំណល់សំរាម-ប្លាស្ទិក។
ទន្ទឹមនឹងនេះ ដើម្បីដោះស្រាយការបំពុលដោយប្លាស្ទិក ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ស្នើឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមរៀបចំប្រមូលទុកដាក់សំណល់ និងញែកឱ្យបានត្រឹមត្រូវ គិតគូរដល់សំរាម ដែលអាចកែច្នៃ និងប្រើប្រាស់ឡើងវិញ និងសំរាមដែលចាក់ចោល គួរទុកដាក់នៅទីលានឱ្យបានត្រឹមត្រូវ។
ក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូសហការ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យបរិស្ថាន ទុកដាក់សំរាមបានត្រឹមត្រូវ ព្រមទាំងចូលរួមសំអាតអនាម័យបរិស្ថាន ជាពិសេសលុបបំបាត់សំណល់ប្លាស្ទិក នៅតាមសហគមន៍ ផ្ទះសម្បែង សាលារៀន និងវត្តអារាម ជាដើម ៕