អភិបាលខេត្តកំពត៖ ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ អរីយធម៌ សាសនា គឺជាដួងព្រលឹងរបស់ជាតិ និងជាជីវិតទី២ ដែលយើងគ្រប់គ្នាគួរយកចិត្តទុកដាក់ថែរក្សាឱ្យបានល្អ
នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដែលជាថ្ងៃបញ្ចប់ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត និងលោកជំទាវ ហ៊ុន ចាន់ធី បានដឹកនាំមន្ត្រី ថ្នាក់ដឹកនាំជុំវិញខេត្ត ក្រុមយុវជន និងពិសេសយុវតី សមាជិក សមាជិកាសមាគមកាយឫទ្ធិនារីកម្ពុជា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍សាខាខេត្តកំពត រួមនឹងប្រជាពលរដ្ឋ យកចង្ហាន់ និងទេយ្យទានមួយចំនួនប្រគេនដល់ព្រះសង្ឃ រាប់បាត្រ ពូនភ្នំខ្សាច់ និងស្រងព្រះផងដែរ។
កិច្ចទាំងនេះគឺជាកិច្ចចុងក្រោយសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីរំលឹក និងតបស្នងសងគុណដល់បុព្វការីជន មានមាតាបិតា ជីជូនជីតាជាដើមនោះ ជាពិសេសគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដែលបានផ្តល់ឱវាទ ឱ្យចេះតម្រែតម្រង់ជីវិតក្នុងការរស់នៅប្រចាំថ្ងៃឱ្យមាន ព្រហ្មវិហារធម៌ គុណធម៌ សីលធម៌ក្នុងខ្លួន ចេះស្រឡាញ់សន្តិភាពទាំងផ្លូវចិត្ត និងផ្លូវកាយ ដើម្បីបន្តចូលរួមអភិវឌ្ឍន៍គ្រួសារ សង្គមជាតិ និងប្រទេសឱ្យបានត្រឹមត្រូវ និងកាន់តែរីកចម្រើនជឿនលឿនបន្ថែមទៀត។
នៅក្នុងកម្មវិធីនោះដែរ ឯឧត្តមក៏ចុះពិនិត្យមើលទីតាំងបរិវេណវត្ត ដើម្បីចូលរួមមតិយោបល់ និងជួយរៀបចំបរិវេណវត្តត្រើយកោះ ឱ្យកាន់តែមានសោភ័ណភាពបន្ថែមទៀត។ ទន្ទឹងគ្នានោះដែរ ឯកឧត្តម និងលោកជំទាវ ក៏បានចូលរួមទស្សនាការលេងរបាំត្រុដិ និងការលេងល្បែងប្រជាប្រិយ៍ជាច្រើនទៀតផងដែរ។
សូមបញ្ជាក់ថា កន្លងមក ឯកឧត្តមអភិបាលខេត្ត តែងតែបំផុស បណ្តុះគំនិតយុវជនឱ្យមានស្មារតីស្រឡាញ់ថែរក្សាប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ អរីយធម៌ សាសនា ដែលឯកឧត្តមបានចាត់ទុកថា ជាដួងព្រលឹងរបស់ជាតិ និងជាជីវិតទី២ ដែលយើងគ្រប់គ្នាគួរយកចិត្តទុកដាក់ថែរក្សាឱ្យល្អជាងអាយុជីវិតរបស់ខ្លួនទៅទៀត៕