ណែនាំឲ្យនាយទាហានកម្រិតយុទ្ធសាស្ដ្រ ទទួលបន្ទុករៀបចំផែនការ ស្វែងយល់ពីការវិវឌ្ឍន៍របស់ពិភពលោក
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់នាយទាហានកម្រិតយុទ្ធសាស្ដ្រ ដែលទទួលបន្ទុករៀបចំផែនការទាំងអស់ ត្រូវតែបង្កើននូវការស្វែងយល់ និងបង្កើនសមត្ថភាពនៃការយល់ដឹងរបស់ខ្លួនបន្ថែមទៀត ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការបំពេញការងារ ឬទំនាក់ទំនងជាមួយបណ្ដាប្រទេសដទៃ។
ក្នុងឱកាសអញ្ជើញ សម្ពោធសមិទ្ធផល និងបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺន នៅសាកលវិទ្យាល័យការពារជាតិ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «ក្នុងបរិបថដែលពិភពលោកកំពុងតែវិវឌ្ឍន៍ ហើយជះឥទ្ធិពលមកដល់ប្រទេសកម្ពុជា ការស្វែងយល់ និងការបង្កើនសមត្ថភាពយល់ដឹងរបស់នាយទាហានរបស់យើង ជាពិសេសនាយទាហានកម្រិតយុទ្ធសាស្ដ្រដែលទទួលបន្ទុករៀបចំផែនការ មិនមែនតែផែនការប្រយុទ្ធទេ សូម្បីតែផែនការទំនាក់ទំនងអន្ដរជាតិ ផែនការភ័ស្ដភារ ក៏ត្រូវធ្វើការប្រទាក់ក្រឡាផ្ទាល់ជាមួយប្រទេសផ្សេង ដូច្នេះត្រូវការយល់អ្វីដែលត្រូវធ្វើ ឬធ្វើអ្វីដែលមិនត្រូវធ្វើ»។
សម្ដេចធិបតី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិ, គណៈគ្រប់គ្រង, យោធាចារ្យ និងបុគ្គលិកទាំងអស់ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា លើការងារកំណែទម្រង់ពង្រឹងស្ថាប័ន។ ទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា គឺធ្វើឲ្យសាកលវិទ្យាល័យការពារជាតិ ទៅជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាល មិនត្រឹមតែកម្រិតយុទ្ធសាស្ដ្រយោធានោះទេ ពោលថែមទាំងនយោបាយការពារជាតិ សន្ដិសុខជាតិ ដែលអាចបើកដល់មន្ដ្រីជាន់ខ្ពស់ពីស្ថាប័នផ្សេងៗដើម្បីចូលរួម ៕