ឯកឧត្តម ហេង សួរ៖ កូរ៉េគឺជាទីផ្សារការងារដ៏ល្អមួយសម្រាប់ពលករកម្ពុជា អាចទៅធ្វើការងារលើវិស័យសំខាន់ៗជាច្រើននៅទីនោះ
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងបញ្ជាក់ប្រាប់ ឯកឧត្តម លី វ៉ូយ៉ុង (Lee Woo Young) ប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្ស នៃក្រសួងមុខរបរ និងការងារនៃសាធារណរដ្ឋកូរ៉េ (HRDK) នៅក្នុងជំនួបពិភាក្សាការងារ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះថា សាធារណរដ្ឋកូរ៉េគឺជាទីផ្សារការងារដ៏ល្អមួយសម្រាប់ពលករកម្ពុជាដោយអាចទៅធ្វើការងារលើវិស័យសំខាន់ៗជាច្រើននៅទីនោះ ហើយនឹងក្លាយជាកម្លាំងពលកម្មជំនាញពេលវិលត្រលប់មកប្រទេសកម្ពុជាវិញទៀតផង។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថាតាមរយៈកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួងមុខរបរ និងការងារនៃសាធារណរដ្ឋកូរ៉េ នឹងមិនត្រឹមតែផ្តោតលើការជ្រើសរើសពលករកម្ពុជាទៅធ្វើការងារនៅប្រទេសកូរ៉េប៉ុណ្ណោះទេ តែក៏នឹងជួយលើការពង្រឹងជំនាញការងារដល់ពលករកម្ពុជាផងដែរ។
ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចង់ពង្រីកការបញ្ជូនពលករក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ (EPS) និងការពង្រីកទីផ្សាការងារតាមប្រភេទទិដ្ឋាការ E-7 ដែលជាការបញ្ជូនពលករជំនាញ ខណៈកម្ពុជាមានគោលបំណងចង់ឲ្យពលករកម្ពុជាមានជំនាញច្បាស់លាស់ ពេលត្រលប់មកមាតុប្រទេសវិញ ដើម្បីបំពេញតម្រូវការវិស័យការងារជំនាញនៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ដែរថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងដាក់បញ្ចូលកម្មវិធីសិក្សាភាសាកូរ៉េ នៅតាមវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាឳកាសដ៏ល្អសម្រាប់ សិស្ស និស្សិតកំពុងសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានបំណងចេញទៅធ្វើការងារនៅសាធារណរដ្ឋកូរ៉េ ក្រោយបញ្ចប់ការសិក្សាជំនាញតែម្តង។
ឯកឧត្តម លី វ៉ូយ៉ុង បានប្តេជ្ញាថានឹងបន្តគាំទ្រយកចិត្តទុកដាក់លើការពង្រឹងជំនាញរបស់ពលករកម្ពុជានៅក្នុងប្រទេសកូរ៉េ ក៏ដូចជាការប្រឹងប្រែងលើកិច្ចការជ្រើសរើសពលករកម្ពុជាទៅធ្វើការងារនៅប្រទេសកូរ៉េ ឲ្យបានកាន់តែច្រើនថែមទៀត។ តាមរយៈការចុះទស្សនកិច្ចផ្ទាល់នៅក្នុងប្រទេសកូរ៉េ ឯកឧត្តម លី វ៉ូយ៉ុង បានមើលឃើញថា មានពលករកម្ពុជាកំពុងធ្វើការងារលើជំនាញសំខាន់ជាច្រើន ជាក់ស្តែងលើការងារផលិតនាវា ដែលពលករកម្ពុជាទទួលបានការបណ្តុះបណ្តាលជំនាញបានយ៉ាងល្អ។
ជាមួយគ្នានេះ ឯកឧត្តម លី វ៉ូយ៉ុងក៏បានកោតសរសើរ ចំពោះឯកឧត្តមរដ្ឋមន្រ្តីដែលជាបុគ្គលសំខាន់ម្នាក់ក្នុងការជួយជ្រោមជ្រែងកិច្ចសហប្រតិបត្តិការក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ (EPS) តាំងពីឆ្នាំ២០០៦មក ឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ ក៏ដូចជាមន្រ្តីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានសហការលើការបញ្ជូនពលករប្រកបដោយស្មារតីទទួលខុសត្រូវ ទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ក្រោយកិច្ចពិភាក្សាទ្វេភាគីដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានបញ្ចប់ ភាគីទាំងពីរ តំណាងដោយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ឯកឧត្តម លី វ៉ូយ៉ុង ប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀមស្តីពីការបញ្ជូនពលកក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ (EPS)។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៧ ដល់ខែមេសា ឆ្នាំ២០២៤នេះ ពលករកម្ពុជាដែលត្រូវបានបញ្ជូនទៅធ្វើការនៅសាធារណរដ្ឋកូរ៉េមានចំនួនប្រមាណ ១០ម៉ឺន៧ពាន់នាក់ ក្នុងនោះពលករកម្ពុជាដែលកំពុងធ្វើការនៅទីនោះមានចំនួនជាង ៤ម៉ឺន៥ពាន់នាក់៕