ឯកឧត្ដមបណ្ឌិត កៅ គឹមហួន ផ្ញើសារអបអរសាទរជូនប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងឱកាសខួប២៥ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអាស៊ាន
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានផ្ញើលិខិតអបអរសាទរជាផ្លូវការ ជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបទី២៥ឆ្នាំ ដែលកម្ពុជា បានចូលជាសមាជិកអាស៊ាន កាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៩៩។
ខ្លឹមសារនៃលិខិតចុះថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៤ របស់អគ្គលេខាធិការអាស៊ាន មានអត្ថន័យដូចខាងក្រោម៖
«កាលពី២៥ ឆ្នាំមុន ព្រះរាជាណាចក្រកម្ពុជាបានធ្វើការសម្រេចចិត្តជាប្រវត្តិសាស្ត្រ ក្នុងការចូលក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ក្នុងនាមជានាយករដ្ឋ មន្ត្រី។ ឆ្នាំនេះ គឺមានរយៈពេល ២៥ឆ្នាំហើយ គិតចាប់តាំងពីកម្ពុជា បានក្លាយជាសមាជិកទី១០ ជាផ្លូវការរបស់អាស៊ាន កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។ នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមសំដែងនូវអំណរសាទរ យ៉ាងកក់ក្តៅបំផុតជូនចំពោះ សម្តេចតេជោប្រធាន រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។
ចាប់តាំងពីចូលជាសមាជិកអាស៊ាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ កម្ពុជាបានបោះជំហានដ៏គួរឱ្យស្ញប់ស្ញែងឆ្ពោះទៅកាន់ការពង្រឹងសន្តិភាព ស្ថិរភាព និងវិបុលភាពសេដ្ឋកិច្ចក្នុងតំបន់។ ទោះបីជាទទួលរង ផលប៉ះពាល់ធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩ ក៏ដោយ ក៏កម្ពុជាទទួលបានជោគជ័យក្នុងការរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ជាង៥ភាគរយ នៅក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា ខណៈដែលសម្រេចបានសមិទ្ធិផលសំខាន់ៗ គួរឲ្យកត់សម្គាល់មួយចំនួន ក្នុងការអភិវឌ្ឍផ្នែកសង្គម អប់រំ និងវប្បធម៌។
សម្រាប់អាស៊ាន ការចូលជាសមាជិករបស់កម្ពុជា បានពង្រីកវិសាលភាពភូមិសាស្ត្ររបស់អង្គការតំបន់មួយនេះ ឲ្យគ្របដណ្តប់ស្ទើរតែគ្រប់ប្រទេសទាំងអស់ ក្នុងតំបន់អាស៊ីអាគ្នេយ៍។ កម្ពុជាបានរួមចំណែកយ៉ាងធំធេង ដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន ហើយភាពជាអ្នកដឹកនាំរបស់កម្ពុជាត្រូវបានបង្ហាញឃើញច្បាស់ក្នុងអំឡុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០០២ ឆ្នាំ២០១២ និងថ្មីៗនេះនៅឆ្នាំ២០២២។
វាចាំបាច់ក្នុងការកត់សម្គាល់ផងដែរថា ក្នុងឆ្នាំ២០២២ នៅរាជធានីភ្នំពេញ នាឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងលើកទី ៤១ ក្រោមការដឹកនាំយ៉ាងប៉ិនប្រសប់របស់សម្តេចតេជោ ប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ានបានឯកភាពជាគោលការណ៍ ក្នុងការអនុញ្ញាតឲ្យប្រទេសទីម័រខាងកើត ក្លាយជាសមាជិកទី១១របស់អាស៊ាន ជាមួយនឹងឋានៈជាអ្នកសង្កេតការណ៍។
លើសពីនេះ កម្ពុជាបានគាំទ្រគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួនរបស់អាស៊ាន ក្នុងនោះមាន ការផ្សះផ្សារ និង ការកសាងសន្តិភាពក្រោយជម្លោះ ការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍តាមរយៈការ អនុវត្តផែនការការងារជំហានទី៤ (២០២១-២០២៥) នៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន (IAI)។
វាពិតជាមានសារៈសំខាន់ក្នុងការកត់សម្គាល់ផងដែរថា ការបង្កើតចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ត្រូវបានចាប់ផ្តើមឡើងនៅពេលកម្ពុជាធ្វើជាប្រធានអាស៊ាន ដោយមានការរៀបចំកិច្ចប្រជុំលើកទី ១ នៃក្រុមការងារជាន់ខ្ពស់ ស្តីពីចក្ខុវិស័យសមាគមន៍អាស៊ានក្រោយឆ្នាំ២០២៥ (HLTF-ACV) កាលពីខែមីនា ឆ្នាំ២០២២។ កម្ពុជាក៏ជាម្ចាស់ផ្ទះនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនតំបន់អាស៊ាន (ARMAC) ដែលជា មជ្ឈមណ្ឌលឧត្តមភាពដ៏សំខាន់មួយរបស់អាស៊ាន ។
ចំពោះទំនាក់ទំនងខាងក្រៅរបស់អាស៊ាន កម្ពុជាបានដើរតួនាទីជាប្រទេសសម្របសម្រួលនៃភាពជាដៃគូសន្ទនាអាស៊ាន-កាណាដា (ពីឆ្នាំ២០០០-២០០៣) អាស៊ាន-ចិន (ពីឆ្នាំ២០០៣-២០០៦) អាស៊ាន-សហភាពអឺរ៉ុប (ពីឆ្នាំ២០០៦-២០០៩) អាស៊ាន-ឥណ្ឌា (ពីឆ្នាំ២០០៩-២០១២) អាស៊ាន-ជប៉ុន (ពីឆ្នាំ២០១២-២០១៥) អាស៊ាន-សាធារណរដ្ឋកូរ៉េ (ពីឆ្នាំ២០១៥-២០១៨) អាស៊ាន-នូវែលសេឡង់ (ពីឆ្នាំ២០១៨-២០២១) និងអាស៊ាន-រុស្ស៊ី (ពីឆ្នាំ២០២១-២០២៤)។
បច្ចុប្បន្នកម្ពុជាកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលភាពជាដៃគូសន្ទនារបស់អាស៊ានជាមួយប្រទេសរុស្ស៊ី និងការចាប់ផ្តើមការចចារកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ក្នុងអំឡុងពេលដ៏លំបាក ហើយនឹងត្រូវបន្តទទួលបន្ទុកជាប្រទេសសម្របសម្រួលទំនាក់ទំនងរវាងអាស៊ាន-សហរដ្ឋអាមេរិក នៅខែកក្កដា ឆ្នាំនេះ ដែលទាំងប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក សុទ្ធសឹងជាមហាអំណាចដែលមានចំណងរឹងមាំក្នុងតំបន់។
ជាមួយគ្នានឹងប្រទេសសមាជិកអាស៊ានដទៃទៀត កម្ពុជាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងដៃគូខាងក្រៅ ដោយពង្រឹងតួនាទី និងគោលជំហររបស់អាស៊ាន នៅក្នុងយន្តការដឹកនាំដោយអាស៊ាន ដូចជា កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) វេទិកាតំបន់អាស៊ាន (ARF) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារអាស៊ានបូក (ADMM-Plus) ជាដើម។
សូមសម្តេចតេជោ ជឿជាក់ចុះថា លេខាធិការដ្ឋានអាស៊ាន នឹងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ប្រទេសកម្ពុជាទាំងក្នុងស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិ ចំពោះកិច្ចខិតខំប្រឹងប្រែងកំពុងបន្ត នៃការកសាងសហគមន៍អាស៊ានមួយដែលមានភាពធន់ មានសន្តិភាព ស្ថិរភាព និងវិបុលភាព។ សូម សម្តេចតេជោប្រធាន មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំ និងសូមជូនសព្ទសាធុការពរដល់ប្រជាជននៃព្រះរាជាណាចក្រកម្ពុជា សូមទទួលបាននូវវិបុលភាពកាន់តែធំធេង»៕