សម្តេចធិបតី៖ នាពេលខាងមុខមណ្ឌលសុខភាពមួយទូទាំងប្រទេសនឹងបើក២៤ម៉ោងលើ២៤ម៉ោង ដើម្បីបម្រើប្រជាពលរដ្ឋ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា នាពេលខាងមុខមណ្ឌលសុខភាពមួយទូទាំងប្រទេសនឹងបើក២៤ម៉ោងលើ២៤ម៉ោង ដើម្បីបម្រើប្រជាពលរដ្ឋ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់” នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានជ្រើសរើសពេទ្យបន្ថែមប្រមាណ២ពាន់នាក់ ដើម្បីបម្រើតាមមណ្ឌលសុខភាពទូទាំងប្រទេស ទោះបីពលរដ្ឋអញ្ជើញទៅពេទ្យយប់ម៉ោងប៉ុន្មានក៏មានពេទ្យនៅប្រចាំការអាចសង្រ្គោះបឋមភ្លាមៗ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានណែនាំឲ្យពង្រឹងសមត្ថភាពផ្តល់សេវាសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះអាយុជីវិត អ្នកជំងឺ និង ពង្រឹងប្រសិទ្ធភាពនៃប្រព័ន្ធបញ្ជូនអ្នកជំងឺ ឬជនរងគ្រោះដែលត្រូវការសេវាសង្គ្រោះបន្ទាន់ ឱ្យបានទាន់ពេលវេលា ៕