សម្ដេចធិបតី៖ ការអភិវឌ្ឍវិស័យសុខាភិបាល ជាកិច្ចការដ៏សំខាន់របស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យប្រសើរនូវសុខុមាលភាពមូលធនមនុស្ស
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការអភិវឌ្ឍវិស័យសុខាភិបាល គឺជាកិច្ចការដ៏សំខាន់របស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យប្រសើរនូវសុខុមាលភាពមូលធនមនុស្ស ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារផ្តល់សេវាវះកាត់ ដែលមានឈ្មោះថា «អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់» នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាថ្ងៃទី២០ មេសានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកាត់បន្ថយភាពក្រីក្រ ជាមួយនឹងការកើនឡើងនៃការទទួល បានសេវាថែទាំសុខភាព, ការពង្រីកការគ្របដណ្ដប់នៃប្រព័ន្ធគាំពារសង្គម និង ភាពប្រសើរឡើង នៃកត្តាសង្គម ដែលមានឥទ្ធិពលលើសុខភាព បានធ្វើឱ្យសុខភាព, សុខុមាលភាព និង គុណភាព ជីវិតរបស់ប្រជាជនកម្ពុជា ប្រសើរឡើង ជាមួយនឹងអាយុកាលមធ្យមសង្ឃឹមរស់កាន់តែវែង។
សម្តេចបានថ្លែងអំណរគុណប្រជាជន និងរាជរដ្ឋាភិបាលជប៉ុន ដែលបានផ្ដល់ជំនួយឧបត្ថម្ភគាំទ្រទាំងថវិកា និងបច្ចេកទេស ក្នុងការស្តារ និងអភិវឌ្ឍ ប្រទេសកម្ពុជាឡើងវិញនៅក្រោយសង្គ្រាមជាង២ទសវត្សរ៍កន្លងមកនេះ។ ជាពិសេសការជួយគាំទ្រ ក្នុងវិស័យសុខាភិបាល ដូចជាហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត,ការអភិវឌ្ឍធនធានមនុស្ស និងការបំពាក់ ឧបករណ៍សម្ភារៈបរិក្ខារវេជ្ជសាស្ត្រទំនើបៗ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន នៅតាមមូលដ្ឋានសុខាភិបាលមួយចំនួន ដូចជា មជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន, មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក, មន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរីនៃខេត្តបន្ទាយមានជ័យ, មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម, មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ, មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង, មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង និងពេលនេះ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍវិស័យសុខាភិបាល គឺជាកិច្ចការដ៏សំខាន់របស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យប្រសើរនូវសុខុមាលភាពមូលធនមនុស្ស។ រាជរដ្ឋាភិបាល បានដាក់ចេញគោលដៅបំពាក់បរិក្ខារពេទ្យទំនើបៗទៅគ្រប់មន្ទីរពេទ្យ តែក៏ត្រូវបណ្តុះបណ្តាលគ្រូពេទ្យជំនាញផងដែរ ដើម្បីឆ្លើយតបរវាងបរិក្ខារទំនើប និងគ្រូពេទ្យជំនាញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅឆ្នាំ២០៣០ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នឹងក្លាយទៅជាមន្ទីរពេទ្យតំបន់ ដែលមានទំហំធំ និងបំពាក់ដោយឧបករណ៍ទំនើប។ ការប្រែក្លាយមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ទៅជាពេទ្យតំបន់ នឹងក្លាយជាកាដូរធំសម្រាប់ពលរដ្ឋនៅខេត្តសៀមរាប និងខេត្តជុំវិញប្រមាណ ៣លាននាក់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រែក្លាយពេទ្យបង្អែកខេត្តសៀមរាប ទៅជាពេទ្យតំបន់ជាការស្តែងឱ្យឃើញពីគោលនយោបាយច្បាស់លាស់ របស់រាជរដ្ឋាភិបាល មិនមែនមានតែលើក្រដាសនោះទេ ៕