សម្ដេចមហាបវរធិបតី៖ ការជួយមនុស្សម្នាក់ឱ្យជាពីជំងឺ ជាការបង្កើតភាពរីករាយដល់គ្រួសារ និងសង្គមជាតិទាំងមូល
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា ការជួយមនុស្ស១នាក់ឱ្យជាពីជំងឺ ជាការបង្កើតភាពរីករាយដល់គ្រួសារ និងសង្គមជាតិទាំងមូល ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារផ្តល់សេវាវះកាត់ ដែលមានឈ្មោះថា «អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់» នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាថ្ងៃទី២០ មេសានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការពង្រឹងសមត្ថភាពមន្ទីរពេទ្យខេត្តសៀមរាប ក៏ជាយុទ្ធសាស្ត្រយូរអង្វែងសម្រាប់អ្នកទេសចរ ដែលមកលេងកម្សាន្តនៅសៀមរាប។
សម្តេចធិបតីក៏បានថ្លែងកោតសរសើរចំពោះមន្ត្រីសុខាភិបាល, គ្រូពេទ្យ និងបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន បម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ ជាពិសេស ការផ្តល់សេវាសុខភាពដល់ប្រជាពលរដ្ឋនៅតាមតំបន់ជនបទដាច់ស្រយាល។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធ, រដ្ឋបាលថ្នាក់ក្រោមជាតិ, សហគមន៍, ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ និង អង្គការមិនមែនរដ្ឋាភិបាល ដែលបាននិងកំពុងរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាល ជាពិសេសការបង្ការ និងការទប់ស្កាត់ជំងឺកូវីដ-១៩ កន្លងមកនេះ។
សម្តេចធិបតីបន្ថែមថា ទោះបីកម្ពុជាទទួលបានជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និង កំពុងស្ដារកំណើនសេដ្ឋកិច្ច និងបន្តពង្រឹងភាពធន់ប្រព័ន្ធសុខាភិបាល ដើម្បីឆ្លើយតបនឹងគ្រោះអាសន្នសុខភាព ជាយថាហេតុ ក្នុងពេលអនាគត, វិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ដល់វឌ្ឍនភាព ក្នុងវិស័យសុខាភិបាល ដែលកម្ពុជាសម្រេចបាន ៕