សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាចាំបាច់ត្រូវពន្លឿនវឌ្ឍនភាពឆ្ពោះទៅ សម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ទាក់ទងនឹងសុខភាព
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជាចាំបាច់ត្រូវពន្លឿនវឌ្ឍនភាពឆ្ពោះទៅ សម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពទាក់ទងនឹងសុខភាព ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារផ្តល់សេវាវះកាត់ ដែលមានឈ្មោះថា «អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់» នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាថ្ងៃទី២០ មេសានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជាចាំបាច់ត្រូវពន្លឿនវឌ្ឍនភាពឆ្ពោះទៅ សម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពទាក់ទងនឹងសុខភាព, ជាពិសេស ការឈានទៅ សម្រេចការគ្របដណ្តប់សុខភាពជាសកល, ដែលគ្មានប្រជាជនណាម្នាក់ត្រូវបានទុកចោល ដោយមិនបានទទួលសេវាថែទាំសុខភាពនោះឡើយ។ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានកំណត់ការអភិវឌ្ឍមូលធន មនុស្សជាអាទិភាព ព្រោះមនុស្សដែលមានសុខភាពល្អជាទ្រព្យសម្បត្តិជាតិដ៏មានតម្លៃ និងជា មូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលផ្តោតលើ អាទិភាពចំនួន ៥ ដើម្បីអភិវឌ្ឍមូលធនមនុស្ស គឺ៖ ១). ការបង្កើនគុណភាពសិក្សាអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ២). ការបង្កើនជំនាញបច្ចេកទេស និង ការបណ្ដុះបណ្ដាល, ៣). ការលើកកម្ពស់សុខភាព និង សុខុមាលភាព, ៤). ការពង្រឹងប្រព័ន្ធគាំពារសង្គម និង ប្រព័ន្ធ អាហារូបត្ថម្ភ, និង ៥). ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពង់ខ្ពស់។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលដៅយុទ្ធសាស្ត្រនៃ «ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន» គឺបន្តកាត់បន្ថយការឈឺ និងស្លាប់ ដែលបណ្តាលមកពីជំងឺ ជាពិសេស ជំងឺមិនឆ្លងចម្បងៗ និងការលើកកម្ពស់សុខភាពបន្តពូជ, សុខភាពមាតា ទារក និងកុមារ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីឈានទៅសម្រេចគោលដៅខាងលើនេះ កម្មវិធីគោលនយោបាយអាទិភាពទី១ ក្នុងចំណោមកម្មវិធីគោលនយោបាយ
អាទិភាពទាំង៦ របស់រាជរដ្ឋាភិបាល គឺការផ្ដល់ការថែទាំសុខភាព ឆ្ពោះទៅការគ្របដណ្តប់ សុខភាពជាសកល តាមរយៈ ១). ការពង្រីកការគ្របដណ្តប់នៃកម្មវិធីមូលនិធិសមធម៌ដល់គ្រួសារ ងាយរងហានិភ័យប្រមាណជាង ៤៥ ម៉ឺនគ្រួសារ ឬស្មើនឹងសមាជិកសរុបជាង ១,៥ លាននាក់ ដែលបានប្រកាសឱ្យអនុវត្តកាលពីខែ តុលា ឆ្នាំ ២០២៣ និង ២). ការពង្រីករបបថែទាំសុខភាព នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដល់សមាជិកគ្រួសារ និង អ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ជាង ៣ លាននាក់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ដែលផ្តោតលើការលើកកម្ពស់គុណភាព សេវាសុខាភិបាល និង ការពង្រឹង សមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន ដោយផ្តោតលើ៖ ទី១. ពង្រឹងសមត្ថភាពផ្តល់ សេវានៅមណ្ឌលសុខភាព និង មន្ទីរពេទ្យបង្អែក, ទី២. អភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាល គ្រប់លំដាប់ថ្នាក់ ក្នុងការគ្រប់គ្រងធនធានមនុស្ស និង ហិរញ្ញវត្ថុ, ការងារនិយ័តកម្ម, ការឆ្លើយតប នឹងការគម្រាមសុខភាពសាធារណៈ និង គ្រោះអាសន្នសុខភាព ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាព នៃកិច្ចដំណើរការមុខងារសា្ថប័ន និងទី៣. កសាងភាពជាដៃគូរឹងមាំរវាង វិស័យសុខាភិបាល សាធារណៈ និង វិស័យឯកជន ដើម្បីធានាឱ្យប្រជាជនទទួលបានសេវាថែទាំសុខភាពមានគុណ- ភាព, សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ៕