ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ អញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខជាមួយក្រុមគ្រួសារសព លោក កែវ សុខុម មេឃុំសំរោង ស្រុកត្រាំកក់
ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងឯកឧត្តម តែ ម៉េង សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខ័ន្ធ និងរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារសព លោក កែវ សុខុម មេឃុំសំរោង ស្រុកត្រាំកក់ ដែលបានទទួលមរណភាព ដោយរោគាពាធ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៥៦ឆ្នាំ ដែលសពតម្កល់ធ្វើបុណ្យតាមប្រពៃណី ស្ថិតនៅភូមិកោះតាញ៉ែ ឃុំសំរោង ស្រុកត្រាំកក់។
មានប្រសាសន៍ចូលរួមរំលែកទុក្ខ នាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានថ្លែងថា មរណ:ភាពរបស់ លោក កែវ សុខុម គឺជាការបាត់បង់ថ្នាក់ដឹកនាំ ដែលជាធនធានមនុស្សជាបញ្ញាជន ដ៏សំខាន់មួយរូប ដែលលោកតែងតែបានលះបង់ទាំងកំលាំងកាយ កំលាំងចិត្ត ប្រកបដោយឆន្ទ:ខ្ពស់ក្នុងការជួយអភិវឌ្ឍខេត្ត វិស័យដឹកនាំរដ្ឋបាល និងការងារសង្គម អោយមានការរីកចម្រើនកន្លងមក។
ឯកឧត្តមអភិបាលខេត្ត ក៏សូមចូលរួមរំលែកនូវមរណទុក្ខដ៏សោកសង្រេង ជាមួយក្រុមគ្រួសារនៃសព ហើយសូមបួងសួង ឱ្យវិញ្ញាណក្ខន្ធ លោក កែវ សុខុម បានទៅចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លាងឃ្លាតឡើយ ៕