នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នឹងដឹកនាំប្រតិភូអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋកូរ៉េ រយៈពេល៤ថ្ងៃ
ភ្នំពេញ៖ ដោយមានការអនុញ្ញាតពីក្រសួងការពារជាតិ និងអគ្គបញ្ជាការ ឯកឧត្ដមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នឹងដឹកនាំប្រតិភូអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី២៣-២៦ ខែមេសា ឆ្នាំ២០២៤ តបតាមការអញ្ជើញ របស់ឯកឧត្ដមនាយឧត្តមសេនីយ៍ ផាក អានស៊ូ មេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋកូរ៉េ ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ កងទ័ពជើងគោក នាថ្ងៃទី២២ មេសានេះ បានឲ្យដឹងថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ ឯកឧត្ដមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នឹងជួបសម្តែងការគួរសមជាមួយ ឯកឧត្ដមនាយឧត្តមនាវី គីម ម្យុងស៊ូ នាយសេនាធិការចម្រុះ នៃកងទ័ពសាធារណរដ្ឋកូរ៉េ និងជួបពិភាក្សាទ្វេភាគីជាមួយសមភាគី ឯកឧត្ដមនាយឧត្តមសេនីយ៍ ផាក អានស៊ូ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធារវាង ប្រទេសទាំងពីរ កម្ពុជា-សាធារណរដ្ឋកូរ៉េ ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺអនុលោមតាមអនុស្សារណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការរវាង កងទ័ពជើងគោកទាំងពីរ កម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលបានចុះហត្ថលេខាកាលឆ្នាំ២០២២កន្លងទៅ និងតាមផែនការ សកម្មភាពកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ ៕