សម្ដេចធិបតី៖ កម្ពុជាចាត់ទុកបច្ចេកវិទ្យាឌីជីថល ជាចលករដ៏សំខាន់ ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា កម្ពុជាចាត់ទុកបច្ចេកវិទ្យាឌីជីថល ជាកត្តាជំរុញដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០។
តាមរយៈសុន្ទរកថា ក្នុងឱកាសបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (UN-ESCAP) នៅទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ដែរថា នវានុវត្តន៍ឌីជីថលមានសារៈសំខាន់ណាស់ចំពោះនិរន្តរភាព បរិយាបន្ន និងការអភិវឌ្ឍដែលមានភាពធន់ ជាពិសេសក្នុងការដោះស្រាយវិសមភាព ដែលកាន់តែធ្ងន់ធ្ងរឡើង បង្កដោយជំងឺរាតត្បាតកូវីដ១៩ ក៏ដូចជាការឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការដែលកំពុងកើនឡើងរបស់ប្រជាជនរបស់យើង។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា យើងអាចបង្រួមគម្លាតក្នុងការចាប់យកឱកាស និងការប្រើប្រាស់សេវាកម្មសំខាន់ៗ។ ម្យ៉ាងវិញទៀត វាអនុញ្ញាតឲ្យយើងចែករំលែកអត្ថប្រយោជន៍ នៃការអភិវឌ្ឍដល់ប្រជាជនទាំងអស់ស្មើៗគ្នា។
សម្ដេចធិបតី បន្ថែមថា បច្ចេកវិទ្យាឌីជីថល បានបង្កើតចលករថ្មីនៃការរីកចម្រើន និងជំរុញការប្រើប្រាស់សេវាសាធារណៈសំខាន់ៗ ក៏ដូចជារួមចំណែក ក្នុងការកសាងសង្គមទំនើប និងស៊ីវិល័យមួយ ដែលប្រជាពលរដ្ឋអាចទទួលបានផលប្រយោជន៍ជាមួយនឹងភាពជឿជាក់ និងសុវត្ថិភាពខ្ពស់ ហើយម្យ៉ាងវិញទៀត វាអាចជួយរក្សាអត្តសញ្ញាណជាតិ និងវប្បធម៌។
សម្ដេចធិបតី គូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានអនុម័ត «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដោយមានគន្លឹះអាទិភាពចំនួនប្រាំ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលបច្ចេកវិទ្យាឌីជីថលគឺជាអាទិភាពថ្មី ដែលទើបបានកំណត់ក្នុងបញ្ចកោណទី៥ «ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល»។
ជាងនេះទៅទៀត រាជរដ្ឋាភិបាល ក៏បានអនុវត្តក្របខ័ណ្ឌគោលនយោបាយផ្សេងៗ រួមមាន «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥», «គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥», «គោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨» និង «គោលនយោបាយជាតិស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឆ្នាំ ២០២០-២០៣០»។
សម្ដេចធិបតីថ្លែងថា ក្របខណ្ឌគោលនយោបាយទាំងនេះ មានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់នៅក្នុងសង្គម រួមមានរដ្ឋាភិបាល ប្រជាពលរដ្ឋ និងវិស័យឯកជន ហើយទាំងអស់គ្នារួមចំណែកក្នុងការសម្រេចបាននូវមហិច្ឆតារបស់កម្ពុជានៃ «ចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០»។
សម្ដេចធិបតីមានប្រសាសន៍ថា ក្នុងបរិបទសកល និងក្នុងតំបន់ កម្ពុជា បាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងរបៀបវារៈគោលនយោបាយប្រព័ន្ធឌីជីថល ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រព័ន្ធឌីជីថលជាសកល និងក្នុងតំបន់ រួមទាំង «ផែនការមេឌីជីថលអាស៊ាន ឆ្នាំ២០២៥» និង «យុទ្ធសាស្ត្រឌីជីថលឆ្នាំ ២០២២-២០២៥» របស់អង្គការសហប្រជាជាតិ៕