សម្តេចធិបតី៖ នវានុវត្តន៍ឌីជីថល មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ ពិសេសក្នុងការដោះស្រាយបញ្ហាវិសមភាព បង្កឡើងដោយកូវីដ-១៩
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា នវានុវត្តន៍ឌីជីថល មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ ជាពិសេស នៅក្នុងការដោះស្រាយបញ្ហាវិសមភាព ដែលបានបង្កឡើងដោយជំងឺកូវីដ-១៩ ក៏ដូចជាការឆ្លើយតបឱ្យទាន់ពេលទៅនឹងកំណើននៃតម្រូវការថ្មីរបស់ប្រជាពលរដ្ឋ ។
ក្នុងពិធីបើកសន្និបាតប្រចាំឆ្នាំលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (ESCAP) ក្រោមប្រធានបទ “ការប្រើប្រាស់នវានុវត្តន៍ឌីជីថល សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៊ី-ប៉ាស៊ីហ្វិក” នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ សម្ដេចធិបតី មានប្រសាសន៍ថា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា យើងអាចបង្រួមគម្លាតក្នុងការទទួលបានឱកាស និងសេវាកម្មសំខាន់ៗ ពោលគឺ អាចធ្វើឱ្យយើងចែករំលែកបាននូវផ្លែផ្កានៃការអភិវឌ្ឍដល់ប្រជាពលរដ្ឋគ្រប់ៗរូបស្មើៗគ្នា ។ ដូចបណ្តាប្រទេសនានាដែរ កម្ពុជា បានចាត់ទុកបច្ចេកវិទ្យាឌីជីថល ជាចលករដ៏សំខាន់ ក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម ៤.០ ដោយសារបច្ចេកវិទ្យាឌីជីថល អាចបង្កើតក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចថ្មីៗ និងបង្កើនការទទួលបានសេវាសាធារណៈចាំបាច់ ក៏ដូចជាកសាងសង្គមទំនើប និងស៊ីវីល័យមួយ ដែលពលរដ្ឋអាចទទួលបាននូវផលប្រយោជន៍ប្រកបដោយបរិយាបន្ន ភាពជឿទុកចិត្តបាន និងសុវត្ថិភាពខ្ពស់ ។ ទន្ទឹមនេះ បច្ចេកវិទ្យាឌីជីថល អាចជួយរក្សាបាននូវអត្តសញ្ញាណ និង វប្បធម៌ជាតិ ។
សម្ដេចបន្ថែមថា ក្នុងន័យនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានេះ បានប្រកាសដាក់ឱ្យអនុវត្ត «យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១» ដោយបានកំណត់អាទិភាពចំនួន ៥ គឺ ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា, ពោលគឺបច្ចេកវិទ្យាឌីជីថល ដែលជាអាទិភាពថ្មីមួយ កំណត់នៅក្នុងបញ្ចកោណទី៥ គឺ «ការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល» ។ បន្ថែមលើនេះ រាជរដ្ឋាភិបាល ក៏បានដាក់ឱ្យអនុវត្ត «ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥», «គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥» «គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨» និង «គោលនយោបាយជាតិស្តីពីវិទ្យាសាស្ត្រុ បច្ចេកវិទ្យា និង នវានុវត្តន៍ឆ្នាំ ២០២០-២០៣០» ។ល។
សម្ដេចធិបតី គូសបញ្ជាក់ថា ក្នុងបរិបទសកល និងតំបន់, កម្ពុជា បាន និង កំពុងចូលរួមយ៉ាងបុរេសកម្ម ក្នុងការអនុវត្តរបៀបវារៈគោលនយោបាយឌីជីថល សំដៅសម្រេចឱ្យបានគោលដៅអភិវឌ្ឍន៍ឌីជីថលក្នុងតំបន់ និងសកល រួមមានដូចជា «ផែនការមេឌីជីថលអាស៊ាន២០២៥» និង «យុទ្ធសាស្រ្តឌីជីថល២០២២-២០២៥» របស់អង្គការសហប្រជាជាតិ ។ ទន្ទឹមនេះ កម្ពុជា បាន និងកំពុងចូលរួមក្នុងគំនិតផ្តួចផ្តើមឌីជីថលអាស៊ានផ្សេងៗ ជាពិសេសការរៀបចំ “កិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) ដែលមានគោលបំណងក្នុងការផ្តល់ជាអភិក្រមយុទ្ធសាស្ត្រ និងពេញលេញកម្រិតតំបន់ ក្នុងការលើកកម្ពស់ការធ្វើឌីជីថលូបនីយកម្មក្នុងតំបន់ ប្រកបដោយ
បរិយាបន្ន និងទាន់ពេល។ លើសពីនេះ អាស៊ានក៏បានចាត់ទុកសេដ្ឋកិច្ចឌីជីថលជាជំពូកអាទិភាពមួយ នៅក្នុងកិច្ចព្រមព្រៀងនានា ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-ណូវែលហ្សេឡង់ (AANZFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA 3.0) ក៏ដូចជាកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ៕