កូនខ្មែរគួរចងចាំ នូវទស្សនៈសំខាន់ៗ របស់សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ដែលជាសាស្ត្រាចារ្យផ្នែកខេមរវិទ្យា និងប្រវត្តិសាស្ត្រខ្មែរ
ភ្នំពេញ៖ ជាការពិតណាស់ លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា ដែលជាសាស្ត្រាចារ្យផ្នែកខេមរវិទ្យា និងប្រវត្តិ សាស្ត្រខ្មែរ បានទទួលមរណភាព នៅម៉ោង៥៖៤០នាទីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ ក្នុង ជុន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។ មរណភាពលោកសាស្រ្តាចារ្យ បានធ្វើឱ្យមានការតក់ស្លុតជា ខ្លាំងពី សំណាក់មហាជនទូទៅ ពិសេសនិស្សិតបញ្ញាវន្តខ្មែរ ដែលធ្លាប់បានរៀន និងទទួលបានការបណ្តុះ បណ្តាលពីលោកសាស្ត្រាចារ្យ ។
លោកសាស្រ្តាចារ្យគឺជាអ្នកប្រវត្តិសាស្រ្តខ្មែរម្នាក់ដែលបានជួយកម្ពុជាតាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស និងការអប់រំដល់និស្សិត បញ្ញាវ័ន្ត ឲ្យស្វែងយល់ ឬសិក្សាស្រាវស្រាវ ពីប្រវត្តិសាស្រ្តកម្ពុជា។ ជាមួយនឹងការបាត់បង់ធនធានបញ្ញវន្តខ្មែរ ផ្នែកប្រវត្តិសាស្ត្រដែលបានបន្សល់ទុកស្នាដៃជាច្រើនសម្រាប់ជាតិនេះដែរ ប្រជាជនកម្ពុជាជាច្រើនក៏បាននាំគ្នាចែករំលែក រួមទាំងរំលឹកឡើងវិញនូវប្រសាសន៍សំខាន់ៗ ទស្សនៈសំខាន់ៗ សុភាសិត រួមទាំង បណ្ដាំផ្សេងៗទៀត ក៏ដូចជាពាក្យពេជន៍ទូន្មានប្រៀនប្រដៅ និងគតិអប់រំជាច្រើនទៀតរបស់គាត់ផងដែរ ដោយក្នុងនោះ ទស្សនៈសំខាន់ៗ របស់លោកសាស្រ្តាចារ្យ ដែលកូនខ្មែរចងចាំទុកនោះមានដូចជា៖
-កុំធ្វើល្អ លម្អពុតត្បុត
-កុំយំឱ្យគេអាណិត ត្រូវតាំងចិត្តគិតធ្វើឱ្យគេកោត
-បើស្រឡាញ់ជាតិ ឱ្យគោរពច្បាប់ បើស្រឡាញ់ជាតិសាសន៍យើង ឱ្យមានចិត្តមេត្តា បើស្រឡាញ់វប្បធម៌ ឱ្យប្រតិបត្តិ
-យុវជន កុំជាតិនិយមជ្រុល
-គ្រូក្រប៉ុន្តែគ្រប់ តែអ្នកមានខ្លះ ហេតុអ្វី មិនគ្រប់?
សូមរំលឹកថា ស្ទើរពេញមួយជីវិត របស់គាត់ លោកសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា តែងតែបានសាបព្រោះបណ្ដុះគំនិតជាតិនិយម ឱ្យកូនខ្មែរស្រឡាញ់ជាតិ ស្រឡាញ់ទឹកដី ប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ សាសនា ភាសា និងអក្សរសាស្ត្រជាតិ។លោកបានចាប់យកអាជីពជាគ្រូបង្រៀនរហូតដល់ថ្ងៃទទួលមរណភាព។ ជាមួយនឹងអាជីពនេះហើយ ដែលលោកបានផ្តល់ចំណេះដឹងយ៉ាងទូលំទូលាយខាងប្រវត្តិសាស្ត្រដល់កូនខ្មែរជាច្រើនជំនាន់ផងដែរ។ ហើយមរណភាពរបស់ លោកសាស្រ្តាចារ្យ គឺជាការបាត់បង់ធនធានមនុស្ស ដ៏សំខាន់របស់ជាតិដែលធ្វើការងារអស់ទាំងកម្លាំងកាយចិត្តដើម្បីប្រយោជន៍របស់ជាតិមាតុភូមិកម្ពុជា៕