អ្នកនាំពាក្យ៖ ៥ថ្ងៃក្រោយចូលឆ្នាំ សមត្ថកិច្ចបង្ក្រាបបទល្មើសព្រហ្មទណ្ឌ៤០ករណី ក្នុងនោះបទល្មើសរំលោភសេពសន្ថវៈ មាន៥ករណី
ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ភាពមមាញឹកខ្លាំងក្នុងបេសកកម្មថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម ជូនប្រជាពលរដ្ឋកម្សាន្តសប្បាយនាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ប្រកបដោយជោគជ័យ កម្លាំងនគរបាលជាតិ បានបន្តអនុវត្តតួនាទី និងភារកិច្ចស្នូលប្រចាំថ្ងៃ ដោយប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌបានចំនួន៤០ លើ៤៥ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន៤៧នាក់ ក្នុងរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤នេះ។
លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលម្អិតឱ្យដឹងថា ក្នុងចំណោមបទល្មើសដែលសមត្ថកិច្ចនគរបាលជាតិ ចាប់ពីថ្នាក់អគ្គស្នងការដ្ឋាន រហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ បង្ក្រាបបាននោះ បទល្មើសហិង្សាមានចំនួន១៦ករណី លួចមាន១២ករណី លួចមានស្ថានទំងន់ទោសឬប្លន់មាន៣ករណី រំលោភសេពសន្ថវៈមាន៥ករណី ឆក់មាន២ករណី ឃាតកម្មមាន១ករណី និងប្រើប្រាស់អាវុធខុសច្បាប់មាន១ករណី។
បើតាមលោក ទូច សុឃៈ (សុខៈ) លទ្ធផលនេះ ជាការបង្ហាញច្បាស់ថា កម្លាំងនគរបាលជាតិ ក៏មិនខុសពីអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងផ្សេងទៀតដែរ សុទ្ធតែបានបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះតួនាទី និងភារកិច្ចស្នូលប្រចាំថ្ងៃរបស់ខ្លួន ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។ ក្នុងន័យនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក៏បានបន្តអំពាវនាវប្រជាពលរដ្ឋគ្រប់មូលដ្ឋាន បន្តចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ឱ្យទទួលបានជោគជ័យបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ៕