អ្នកនាំពាក្យ៖ ៥ថ្ងៃក្មេងទំនើងចំនួន៤៣នាក់ ត្រូវនគរបាលឃាត់ខ្លួន
ភ្នំពេញ៖ ក្នុងរយៈពេល៥ថ្ងៃ ក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ពោលគឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ កម្លាំងនគរបាលជាតិក្រសួងមហាផ្ទៃ បានបង្ក្រាបក្រុមក្មេងទំនើងចំនួន៤៣នាក់។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
បើតាមលោក ទូច សុឃៈ (សុខៈ) ក្រុមក្មេងទំនើងទាំងនោះ បានប្រព្រឹត្តសកម្មភាពផ្សេងៗគ្នាចំនួន២២ករណី។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក៏ឱ្យដឹងដែរថា ក្នុងចំណោមករណីសរុបនោះ រាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ និងខេត្តកណ្ដាល មានច្រើនជាងគេ។
ក្មេងទំនើង ជាក្រុមយុវជនប្រព្រឹត្តសកម្មភាពប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម។ ក្នុងចំណោមការងារអាទិភាពចំនួន៦ ប្រមុខក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានដៅយកការដោះស្រាយបញ្ហានេះដែរ៕