ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីទទួលស្វាគមន៍ និងសវនាការជូន ឯកឧត្ដម ថងលុន ស៊ីសុលីត និងជំទាវទី១ឡាវ ដែលមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
ភ្នំពេញ៖ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ ព្រះករុណាព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានរៀបចំព្រះរាជពិធីទទួលស្វាគមន៍ និងសវនាការជូន ឯកឧត្ដម ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ និងជំទាវទី១ឡាវ ណាលី ស៊ីសុលីត ដែលបានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។
ប្រមុខរដ្ឋឡាវ ឯកឧត្ដម ថងលុន ស៊ីសុលីត បានអញ្ជើញមកដល់កម្ពុជា នៅម៉ោង៧៖៣០នាទីព្រឹក ថ្ងៃអង្គារនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា។
ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា ឯកឧត្ដមប្រធានរដ្ឋក៏នឹងមានជំនួប សម្តែងការគួរសមដាច់ដោយឡែកជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕