ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោកអនុប្រធានក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC)
ភ្នំពេញ៖ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោក Li Changgui អនុប្រធានក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(China Road and Bridge Corporation – CRBC) និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍ជូនដល់លោកអនុប្រធានក្រុមហ៊ុន ដែលបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា។
ក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីគម្រោងអាទិភាពមួយចំនួនដែលរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបាននិងកំពុងអនុវត្ត និងកំពុងសិក្សា ដែលនេះជាការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋាភិបាល ក្នុងការជំរុញគម្រោងទាំងអស់ឱ្យទទួលបានលទ្ធផលល្អ និងសម្រេចបញ្ចប់បានឆាប់ៗនាពេលខាងមុខនេះ។
ជាការឆ្លើយតប លោកអនុប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលា អនុញ្ញាតឱ្យលោក និងសហការី បានចូលជួបសម្ដែងការគួរសម និងបន្ថែមពីនេះ ក្នុងនាមតំណាងឱ្យក្រុមហ៊ុន លោកអនុប្រធានបានបង្ហាញអំពីការតាំងចិត្តយ៉ាងមុខមាំ ធានាពន្លឿននីតិវិធី និងការងារបច្ចេកទេសនៃគម្រោងទាំងនេះ ឱ្យសម្រេចបានតាមគម្រោងផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា៕