គ.ជ.ប កែសម្រួលខ្លឹមសារមួយចំនួនលើឯកសារមួយចំនួនពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤
ភ្នំពេញ៖ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើឯកសារពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ សៀវភៅស្តីពីប្រព័ន្ធបោះឆ្នោត និងរបៀបបែងចែកអាសនៈ ទម្រង់បែបបទ សម្ភារ ឯកសារសម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ របាយការណ៍ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ លទ្ធផលការងាររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឆ្នាំ២០២៣ និងគោលការណ៍ណែនាំដល់ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សាលើឯកសារតាមរបៀបវារៈយ៉ាងល្អិតល្អន់ម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានធ្វើការកែសម្រួលខ្លឹមសារមួយចំនួនលើឯកសារទាំងនោះ និងបានសម្រេចដូចខាងក្រោម៖
ទី១៖ ឯកភាពជាគោលការណ៍លើខ្លឹមសារសៀវភៅពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌអាណត្តិទី៤ ឆ្នាំ២០២៤ រួមមាន៖
*សៀវភៅសម្រាប់អ្នកបោះឆ្នោត
*សៀវភៅណែនាំស្តីពីការឃោសនាបោះឆ្នោត។
ទី២៖ កែសម្រួល និងបន្ថែមខ្លឹមសារលើសៀវភៅស្តីពីប្រព័ន្ធបោះឆ្នោត និងរបៀបបែងចែកអាសនៈ។ សេចក្តីព្រាងសៀវភៅនេះ នឹងត្រូវឆ្លង គ.ជ.ប ម្តងទៀត ក្រោយកែសម្រួល និងថែមខ្លឹមសាររួច។
៣៖ ឯកភាពជាគោលការណ៍លើទម្រង់បែបបទ សម្ភារ ឯកសារសម្រាប់បម្រើឱ្យការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ រួមមាន៖
*ទម្រង់បែបបទ ចំនួន ១៥ ទម្រង់
*ស្រោមសំបុត្រ ចំនួន ១៤ មុខ
*ស្បោង ឬកញ្ចប់ដាក់សម្ភារឯកសារចុះឈ្មោះបោះឆ្នោត ចំនួន៦
*គំរូត្រាការិយាល័យចុះឈ្មោះបោះឆ្នោត។
ទី៤៖ ឯកភាពលើរបាយការណ៍ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ និងរបាយការណ៍សង្ខេបស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រចាំឆ្នាំ២០២៣។
ទី៥៖ ឯកភាពលើគោលការណ៍ណែនាំដល់ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ក្នុងការអនុវត្តការផ្សព្វផ្សាយកម្មវិធីស្វែងយល់អំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ដែលត្រូវផ្សព្វផ្សាយតាមវិទ្យុនៅតាមរាជធានី ខេត្ត ទាំង២៥៕