ក្រសួងការងារ និងKOSHA ជួបគ្នាពិនិត្យមើលវឌ្ឍនភាពនៃដំណើរការសាងសង់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ
ភ្នំពេញ៖ ឯកឧត្តមវេជ្ជ. ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយតំណាងទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ (KOSHA) និងតំណាងក្រុមហ៊ុន Youngwoo ដែលធ្វើឡើងនៅទីស្តីការក្រសួង នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។
កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យអំពីវឌ្ឍនភាពនៃដំណើរការសាងសង់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ(OSHTC) និងការពិនិត្យអំពីគម្រោងនៃការរៀបចំដំឡើង និងបំពាក់សម្ភារ បរិក្ខា និងឧបករណ៍នៅក្នុងអគារមជ្ឈមណ្ឌលនេះ។
នាឱកាសនោះ ភាគីទាំងពីរបានធ្វើបទបង្ហាញអំពីវឌ្ឍនភាព នៃដំណើរការសាងសង់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ (OSHTC) ដែលសម្រេចបាន ៦០% និងសកម្មភាពគាំទ្រគម្រោង រួមទាំងការរៀបចំក្របខណ្ឌច្បាប់ក្នុងការគាំទ្រការអនុវត្តគម្រោងអភិវឌ្ឍផ្លូវការ (ODA) ឱ្យបានប្រសិទ្ធភាពខ្ពស់។
ទន្ទឹមនឹងនោះ ភាគីកម្ពុជា ក៏បានលើកឡើងអំពីវឌ្ឍនភាពនៃការរៀបចំច្បាប់OSH និងប្រកាសដែលគាំទ្រដល់ការអនុវត្តច្បាប់នេះ។
ចុងបញ្ចប់នៃកិច្ចប្រជុំ ភាគីកម្ពុជាបានថ្លែងអំណរគុណភាគីកូរ៉េ ដែលតែងតែជួយគាំទ្រដល់ការអនុវត្តវិស័យសុវត្ថិភាព និងសុខភាពការងារនៅក្នុងប្រទេសកម្ពុជាកន្លងមក ដែលបានចូលរួមចំណែកក្នុងការបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ការងារនៅកន្លែងធ្វើការ។
ក្រោយបញ្ចប់កិច្ចប្រជុំ ឯកឧត្តមវេជ្ជ. ហ៊ុយ ហានសុង រដ្ឋលេខាធិការ និង លោក Ahn Jongjoo ប្រធាន KOSHA បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកែសម្រួល ស្តីពីការអនុវត្តគម្រោង ពាក់ព័ន្ធនឹងការរៀបចំមជ្ឈមណ្ឌលសុវត្ថិភាព និងសុខភាពការងារផងដែរ ៕