ក្រុមប្រឹក្សាខេត្តក្រចេះ បើកកិច្ចប្រជុំសាមញ្ញលើកទី៥៩ អាណត្តិទី៣ ឆ្នាំទី៥ ដើម្បីត្រួតពិនិត្យជំរុញ លើកិច្ចការងារដែលក្រុមប្រឹក្សាខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្តសម្រេចបានក្នុងខែនីមួយៗ និងដាក់ផែនការអនុវត្តការងារបន្ត
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ក្រុមប្រឹក្សាខេត្តក្រចេះ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៩ អាណត្តិទី៣ ឆ្នាំទី៥ ក្រោមអធិបតីភាពឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថន អភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត លោក លោកស្រីប្រធាន-អនុប្រធាន មន្ទីរ-អង្គភាពជុំវិញខេត្ត កម្លាំងទាំងបីប្រភេទ និងមន្ត្រីពាក់ព័ន្ធ។
កិច្ចប្រជុំមានគោលបំណងត្រួតពិនិត្យជំរុញ លើកិច្ចការងារដែលក្រុមប្រឹក្សាខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្តសម្រេចបានក្នុងខែនីមួយៗកន្លងមក និងដាក់ផែនការអនុវត្តការងារបន្តសំដៅជំរុញដើម្បីពន្លឿនកិច្ចការងារសំខាន់ៗតាមបណ្តាវិស័យក្នុងន័យជំរុញដល់ការងារអភិវឌ្ឍមូលដ្ឋានឲ្យមានភាពរីកចម្រើន។
ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានបញ្ចប់ទៅដោយរលូនប្រកបដោយបរិយាកាសសប្បាយរីករាយ ដោយរដ្ឋបាលខេត្តក្រចេះ មានឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានរៀបចំសង្ក្រានចំនួន ៧០កន្លែង គ្រប់បណ្ដាក្រុងស្រុក ដើម្បីបង្ករបរិយាកាសដល់បងប្អូនប្រជាពលរដ្ឋបានលេងល្បែងប្រជាប្រិយខ្មែរយើងយ៉ាងសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត មានក្តីសោមនស្សរីករាយបានបញ្ជាក់ទៀតថា ឆ្នាំនេះខេត្តក្រចេះទទួលបានចំណាត់ថ្នាក់លេខ១ លើផ្នែកអេកូទេសចរ ដែលមានភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិចូលមកលេង កំសាន្តមានចំនួនច្រើន គឺជាង៥ម៉ឺននាក់ ជាចំនួនខ្ពស់ជាងគេក្នុងបណ្ដាខេត្តភូមិភាគឦសាន្ត ដោយឡែកបងប្អូនដែលបានចូលរួមលេងកំសាន្តក្នុងកម្មវិធីសង្ក្រាន្តនៅតាមបណ្ដាវត្តអារាមទូទាំងខេត្ត មានចំនួនប្រមាណជាង២ម៉ឺននាក់ផងដែរ។
ជាមួយគ្នានោះដែរ ឯកឧត្តម ហឿ ស៊ីយ៉ែម បានមានប្រសាសន៍ វាយតម្លៃនិងកោតសរសើរដល់កងកម្លាំងសមត្ថកិច្ច ដែលបានបំពេញភារកិច្ចតួនាទី ការពារសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ដល់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី។
ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា ស្ថានភាពអាកាសធាតុព្រះរាជាណាចក្រកម្ពុជា យើងក៏មិនខុសពីបណ្ដាប្រទេសលើសាកលលោកនោះដែរ គឺមានញ្ហាប្រឈមដោយកំពុងតែមានការកើនឡើងកម្ដៅ ដូច្នេះហើយសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ត្រូវចេះថែរក្សាសុខភាពឱ្យបានល្អ ក្នុងដំណាក់កាលស្ថានភាពអាកាសធាតុកំពុងឡើងកម្ដៅបែបនេះ។
ឯកឧត្តម វ៉ា ថន បានលើឡើង និងស្នើសុំឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមសំអាតបរិស្ថាន អនាម័យនៅតាមទីសាធារណ: ទីប្រជុំជនក្រុង ជាពិសេសនៅតាមផ្លូវមាត់ទន្លេក្នុងក្រុងក្រចេះ ដែលមានដាក់បង់អង្គុយលេង ក្រោយហូបចុកហើយ សូមជួយវេចខ្ចប់កាក់សំណល់របស់ខ្លួនដែលបានហូបហើយនោះទុកដាក់ក្នុងធុងសំរាមអោយបានត្រឹមត្រូវ {ទីក្រុងស្អាត បរិស្ថានល្អ មានសណ្ដាប់ធ្នាប់ល្អ} គឺផ្តើមចេញពីខ្លួនយើងម្នាក់ៗចេះមានគំនិតចូលរួមសំអាត ដើម្បីឱ្យក្រុងក្រចេះយើងកាន់តែមានសោភ័ណភាពស្រស់ស្អាត ហើយវាក៏ជាផ្នែកមួយទៀតទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិឲ្យចូលមកលេងកម្សាន្តកាន់តែច្រើន ៕