សម្តេច ឃួន សុដារី៖ ទំនាក់ទំនងកម្ពុជា-ជប៉ុន ជាទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធ ឈរលើគុណតម្លៃរួម និងការគោរពគ្នាទៅវិញទៅមក
ក្រោមបរិយាកាសដ៏សែនរីករាយ និងស្និទ្ធស្នាល នៅនិវេសនដ្ឋាននៃស្ថានទូតជប៉ុនប្រចាំកម្ពុជា នារាត្រីថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានជួបសំណេះសំណាល និងពិសារអាហារពេលល្ងាច តបតាមការអញ្ជើញរបស់ ឯកឧត្តម អ៊ីណូ អាត់ស៊ុស៊ី (Ueno Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។
សម្តេចរដ្ឋសភាធិបតី និងឯកអគ្គរាជទូតជប៉ុន បានយកឱកាសនេះពិភាក្សាផ្លាស់ប្តូរទស្សនៈគ្នាជុំវិញវិស័យនយោបាយ ការចូលរួមរបស់ស្រ្តីក្នុងថ្នាក់ធ្វើសេចក្តីសម្រេច នយោបាយ អបរំ កិច្ចការព័ត៌មាន ពាណិជ្ជកម្ម ឧស្សាហកម្ម វិនិយោគ និងបញ្ហាស្ថានភាពភូមិសាស្ត្រនយោបាយទាំងក្នុងតំបន់ និងសកលលោក។
ឯកឧត្តម ឯកអគ្គរាជទូតជប៉ុនបានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចរដ្ឋសភាធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹក និងបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ អញ្ជើញចូលរួមទទួលទានអាហារពេលល្ងាចជាមួយឯកឧត្តមនាពេលនេះ។
សម្តេចរដ្ឋសភាធិបតី បានសម្តែងនូវក្តីរីករាយ និងអំណរគុណចំពោះការអញ្ជើញនេះ។ ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី ក៏បានអរគុណនូវទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់ ឯកឧត្តម ឯកអគ្គរាជទូត ដែលបានអញ្ជើញចូលរួមរំលែកទុក្ខដោយផ្ទាល់ចំពោះមរណភាពប្អូនប្រុសបង្កើតរបស់សម្តេច កាលពីខែមីនា កន្លងទៅថ្មីៗ ដែលនេះបានបង្ហាញពីការយកចិត្តទុកដាក់ គោរពឱ្យតម្លៃ និងផ្តល់ភាពកក់ក្តៅដល់ក្រុមគ្រួសារសម្តេច។
សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា កម្ពុជា-ជប៉ុន មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និតជាមួយគ្នាជាយូរមកហើយ។ ចំណងការទូតនេះ ត្រូវបានថ្នាក់ដឹកនាំប្រទេសទាំងពីរបន្តថែរក្សា និងលើកកម្ពស់តាំងពីសម័យ ព្រះបាទនរោត្តមសីហនុ “ព្រះបរមរតនកោដ្ឋ” សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងព្រះចៅអធិរាជជប៉ុន នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំជប៉ុនគ្រប់រូប រហូតដល់ពេលបច្ចុប្បន្ន។
ជាមួយនឹងទំនាក់ទំនងដ៏ល្អនេះ ភាគីទាំងពីរ បានរំលឹកឡើងវិញនូវដំណើរទៅកាន់ប្រទេសជប៉ុនរបស់ សម្តេចតេជោ ហ៊ុន សែន កាលពីដើមឆ្នាំនេះ ដែលនាពេលនោះសម្តេចតេជោ បានជួបឯកឧត្តម ហ្វុមីអូ គីស្ស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម កូមួរ៉ា ម៉ាសាហ៊ិកូ អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន ក្នុងគោលបំណងពង្រឹងចំណងមិត្តភាពរវាងកម្ពុជា-ជប៉ុន ឱ្យកាន់តែរឹងមាំថែមមួយកម្រិតទៀត។
សម្តេចរដ្ឋសភាធិបតី បានលើកឡើងបន្ថែមថា ទំនាក់ទំនងកម្ពុជា-ជប៉ុន ជាទំនាក់ទំនង និងមិត្តភាពដ៏ជិតស្និទ្ធ ឈរលើគុណតម្លៃរួម ការគោរពគ្នា ការជឿជាក់ និងផ្តលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
ឯកឧត្តម ឯកអគ្គរាជទូត បានសម្តែងក្តីរីករាយ និងអបអរសាទរចំពោះវឌ្ឍនៈភាពនៃការរីកចម្រើនគ្រប់វិស័យរបស់កម្ពុជា ចាប់តាំងពីដំណាក់កាលចរចាស្វែងរកសន្តិភាព រហូតដល់ដំណើរការស្តារប្រទេសកម្ពុជាឡើងវិញ បន្ទាប់ពីសង្រ្គាមស៊ីវិល រហូតទទួលបានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍដូចសព្វថ្ងៃ។
ឆ្លើយតបនឹងការលើកឡើងរបស់ឯកអគ្គរាជទូតជប៉ុន សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ការអភិវឌ្ឍរបស់កម្ពូជាគ្រប់វិស័យមកទល់សព្វថ្ងៃនេះ មិនអាចកាត់ផ្តាច់ពីការជួយឧបត្ថម្ភ ជ្រោមជ្រែង និង គាំទ្រដ៏ធំធេងនិងមានតម្លៃពីមិត្តជប៉ុនបានឡើយ ទាំងជំនួយផ្នែកហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកទេស និង ធនធានមនុស្សជាដើម៕