ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារខែឧសភា ឆ្នាំ២០២៤
ភ្នំពេញ៖ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក ឯកឧត្តម លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅទីស្ដីការក្រសួង ដោយឡែកប្រធានមន្ទីរ ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត ចូលរួមតាមប្រព័ន្ធនិម្មិត (Zoom Meeting) សរុបរួម ៤១២ នាក់ ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានអានព្រះរាជក្រឹត្យតែងតាំង និងផ្ទេរមុខតំណែងថ្នាក់ដឹកនាំថ្មីចំនួន ៣រូប ដែលត្រូវចូលរួមបំពេញបេសកកម្មជូនរាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋនៅតំបន់ជនបទ។
ក្នុងឱកាសនោះ ឯកឧត្ដម ឆាយ ឫទ្ធិសែន បានសម្ដែងនូវការអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះថ្នាក់ដឹកនាំថ្មី ព្រមទាំងបានស្នើដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ ត្រូវយកចិត្តទុកដាក់លើសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ ជាពិសេសនៅខណៈដែលពួកគាត់កំពុងប្រឈមនឹងការខ្វះខាតទឹកបរិភោគ និងទឹកប្រើប្រាស់នៅក្នុងរដូវប្រាំងនេះ ក្នុងនោះ ថ្នាក់ដឹកនាំ និងមន្ទីរអភិវឌ្ឍន៍ជនបទទាំង២៥ រាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តសេចក្តីណែនាំ ស្តីពី វិធានការ និងកិច្ចអន្តរាគមន៍លើការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគ ដោយសារកត្តាប្រែប្រួលធាតុអាកាស។ ជាពិសេស នាយកដ្ឋានជំនាញត្រូវគិតគូររៀបចំដាក់ចេញនូវសេចក្ដីណែនាំខ្លីៗ ពាក់ព័ន្ធនឹងការថែទាំ និងការប្រើប្រាស់អណ្ដូងឱ្យមានប្រសិទ្ធភាព និងនិរន្ដរភាព។
ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំ ស្តីអំពីការបញ្ចប់ការវិភាគមុខងាររបស់ក្រសួង នាពេលខាងមុខ ដើម្បីធានាដល់ការបំពេញតួនាទី ភារកិច្ចបម្រើជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព តាមរយៈការចាត់តាំងមន្ដ្រីឱ្យត្រូវតាមជំនាញ និងមានចំនួនគ្រប់គ្រាន់។ លើសពីនេះ ក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងនឹងបញ្ចប់ការរៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទឆ្នាំ២០២៥- ២០៣៥ នៅក្នុងឆ្នាំ ២០២៤នេះ ដើម្បីជាការចូលរួមអនុវត្តយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕