មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តី CONFEMEN លើកទី៦០ ក្រោមប្រធានបទ ការអប់រំចំណេះដឹងទូទៅ ការអប់រំបច្ចេកទេស និងការតម្រង់ទិសឆ្ពោះទៅរកមុខវិជ្ជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បានចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តី CONFEMEN លើកទី៦០ ក្រោមប្រធានបទ “ការអប់រំចំណេះដឹងទូទៅ ការអប់រំបច្ចេកទេស និងការតម្រង់ទិសឆ្ពោះទៅរកមុខវិជ្ជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា៖ បញ្ហា យុទ្ធសាស្ត្រ និងទស្សនវិស័យដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៤ នៅក្នុងតំបន់និយាយភាសាបារាំង” ។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ បានផ្ដល់បទអន្តរាគមន៍គន្លឹះមួយចំនួន ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពទី៤ គឺតម្រូវឱ្យមានយុទ្ធសាស្រ្តដ៏ជាក់លាក់ដែលអាចគ្របដណ្តប់លើការអប់រំចំណេះដឹងទូទៅ ការអប់រំបច្ចេកទេស និងការតម្រង់ទិសឆ្ពោះទៅរកមុខវិជ្ជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារួមមាន៖
– ការទទួលបានការអប់រំពេញលេញ
– គុណភាពនៃការអប់រំ
– ការអប់រំពេញមួយជីវិត
– ការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
– ការអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM)
– ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ
– ការតាមដាន និងវាយតម្លៃ។