សម្ដេច ស ខេង អំពាវនាវឲ្យបន្តចូលរួមអភិរក្ស និងអភិវឌ្ឍវិស័យសាសនា ដោយគោរពសេរីភាពខាងជំនឿ និងធ្វើប្រណិប័តន៍ខាងផ្លូវសាសនា
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង និងលោកជំទាវ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានាក្នុងវត្ត ចន្ទតាគ្រាម (ហៅវត្តតាគ្រាម) ស្ថិតនៅភូមិតាគ្រាម ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
បន្ទាប់ពីសុន្ទរកថាស្វាគមន៍ និងរបាយការណ៍របស់លោក ស្រេង សុខា អភិបាលនៃគណៈអភិបាលស្រុកបាណន់ រួចមក សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា កាលនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត សេរីភាពជំនឿ និងសាសនាទាំងអស់ត្រូវបានលុបបំបាត់ចោលទាំងស្រុង។ ទើបតែក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ បានធ្វើឱ្យប្រជាពលរដ្ឋដែលនៅសេសសល់ពីការកាប់សម្លាប់ បែរមកជាមានសិទ្ធិរស់រានមានជីវិត ហើយមានសេរីភាព ជំនឿ និងសាសនាឡើងវិញ។ ព្រមជាមួយគ្នានេះ ទីវត្តអារាម និងវិហារ សាសនាផ្សេងៗ ក៏ដូចជាសមិទ្ធផលនានា ត្រូវបានរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ស្តារឡើងវិញពីចំណុចសូន្យ ហើយបច្ចុប្បន្ននេះមានការរីកចម្រើនលើគ្រប់វិស័យគួរទីមោទនៈ។
នៅក្នុងឱកាសដ៏វិសេសវិសាលប្រារព្ធពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មីដ៏ធំស្កឹមស្កៃ និងសម្ពោធឆ្លងសមិទ្ធផលមួយចំនួន ដែលបម្រើដល់វិស័យសាសនាក្នុងបរិវេណវត្ត ចន្ទតាគ្រាម ក្នុងបរិយាកាសសប្បាយរីករាយបំផុត។ នេះក៏ជាការរួមចំណែកដ៏ថ្លៃថ្លាមួយ ដើម្បីលើកស្ទួយដល់វិស័យព្រះពុទ្ធសាសនាដែល ជាសាសនារបស់រដ្ឋ ឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើន និងកាន់តែរឹងមាំថែមទៀត។
សម្ដេចសង្ឃឹមថា សំណង់អគារព្រះវិហារដ៏ធំស្កឹមស្កៃ និងសមិទ្ធផលនានាដែលទើបសាងសង់នៅក្នុងបរិវេណវត្ត ចន្ទតាគ្រាមនេះ នឹងបំពេញសេចក្តីត្រូវការរបស់ព្រះគ្រូចៅអធិការវត្ត ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត ក៏ដូចជាបងប្អូនពុទ្ធ បរិស័ទដោយទឹកចិត្តសប្បុរសរីករាយ ហើយក៏សូមប្រើប្រាស់សមិទ្ធផលនេះជា ប្រយោជន៍រួម និងជួយថែរក្សាឱ្យបានឋិតថេរ គង់វង្សយូរអង្វែង។
ក្នុងនាមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង សម្តេច សូមចូលរួមអបអរសាទរ និងសូមកោតសរសើរចំពោះព្រះគ្រូចៅអធិការ ព្រះសង្ឃគ្រប់ព្រះអង្គ គណៈកម្មាធិការអាចារ្យវត្ត ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ដែលបានចូលរួមចំណែកកសាងព្រះវិហារដ៏ធំស្កឹមស្កៃ ប្រកបដោយក្បូរក្បាច់រចនាល្អប្រណីត ព្រមទាំងសមិទ្ធផលផ្សេងៗជាច្រើនទៀតក្នុងវត្តចន្ទតាគ្រាមយើងនេះ ឱ្យកាន់តែមានភាពល្អប្រសើរថែមទៀត។
ជាមួយគ្នានេះ សម្តេច ក៏សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរអង្គភាព ជំនាញ និងកងកម្លាំងមានសមត្ថកិច្ចទូទាំងខេត្ត ដែលបានសហការគ្នាបំពេញការងារយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យរដ្ឋបាលខេត្តបាត់ដំបងមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ទាំងខាងអាណាចក្រ និងទាំងខាងពុទ្ធចក្រ។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ សម្តេចក្រឡាហោម ស ខេង បានមានមតិផ្តាំផ្ញើ សូមបន្តចូលរួមអភិរក្ស និងអភិវឌ្ឍវិស័យសាសនា ដោយគោរពសេរីភាពខាងជំនឿ និងធ្វើប្រណិប័តន៍ខាងផ្លូវសាសនា ចូលរួមលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ សូមបន្តប្រឆាំងការធ្វើអាជីវកម្មលើសាសនា ការរើសអើង និងការបែងចែកក្នុងចំណោមប្រជាជនដែលបណ្តាលមកពីភាពខុសគ្នាខាងជំនឿ និងសាសនា ដោយប្រែក្លាយសក្តានុពលរបស់សាសនាទាំងអស់ ទៅជាកម្លាំងសាមគ្គីជាតិតែមួយ សំដៅចូលរួមលើកស្ទួយវិស័យសាសនានៅកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន និងសុខដុមនីយកម្មបន្ថែមទៀត។ សូមបន្តចូលរួមថែរក្សាមរតក ប្រពៃណី និងទំនៀមទំលាប់ ក្នុងវិស័យពុទ្ធចក្រ បណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសាសនា ព្រមទាំងបណ្តុះបណ្តាលធនធានព្រះសង្ឃប្រកបដោយចំណេះដឹង ជំនាញ និងគុណធម៌ ប្រកាន់ធម៌វិន័យឱ្យបានខ្ជាប់ខ្ជួនតាមពុទ្ធបញ្ញាត្តិ៕