សម្តេចតេជោ អំពាវនាវឲ្យឧកញ៉ា និងអ្នកឧកញ៉ា រួមគ្នាវិនិយោគសាងសង់ព្រែកជីកហ្វូណន-តេជោ ឲ្យបាន ប្រសិនកម្ពុជាមិនអាចរកទុនពីបរទេសគ្រប់គ្រាន់
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដោយមានជំនឿចិត្តថា កម្ពុជាត្រូវតែសាងសង់ព្រែកជីកហ្វូណន-តេជោ ឱ្យបានបើទោះបីជាកម្ពុជា មិនអាចរកទុនពីបរទេសមកវិនិយោគក្តី ក៏កម្ពុជាត្រូវរកទុនក្នុងស្រុក តាមរយៈអ្នកឧកញ៉ា និងឧកញ៉ា ដែលជាអ្នកមានធនធាន។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា សម្តេចនឹងឈរជាប់ជាមួយរាជរដ្ឋាភិបាល គាំទ្ររាជរដ្ឋាភិបាល ក្នុងការកៀរគរទុនមកវិនិយោគឱ្យខានតែបាន ព្រោះគម្រោងនេះផ្តល់ប្រយោជន៍យ៉ាងធំធេង សម្រាប់ប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី ក្នុងពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជា នាល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សូមប្រជាជនកម្ពុជាយល់ថា យើងទទួលបានផលប្រយោជន៍ពីព្រែកជីកនេះវាធំធេង ដូច្នេះហើយខ្ញុំសុំឱ្យអ្នកឧកញ៉ា និងឧកញ៉ាដែលមានទុន ក្នុងករណីដែលយើងមិនអាច រកទុនពីក្រៅមក ព្រែកជីកនេះត្រូវតែធ្វើឱ្យបានតាមរយៈ នៃការចូលរួមទាំងអស់គ្នា ជាភាគហ៊ុនដើម្បីធ្វើ។ សម្តេចនឹងឈរនៅជាមួយរាជរដ្ឋាភិបាល គាំទ្ររាជរដ្ឋាភិបាល ប្រមូលផ្តុំអ្នកដែលមានទុន ចូលរួមវិនិយោគដើម្បីផលចំណេញ ហើយព្រែកជីកនេះច្បាស់ជាមានផលចំណេញធ្វើព្រែកជីក។
ជាមួយគ្នានេះ សម្តេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ រួមគ្នាគាំទ្រគម្រោងព្រែកជីកហ្វូណន-តេជោ។
គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចាយទុនប្រមាណ ១,៧០០លានដុល្លារអាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់រួចហើយ ៕