សម្តេច ហ៊ុន សែន៖ ព្រែកជីកហ្វូណន-តេជោ នឹងក្លាយជាប្រភពផ្គត់ផ្គង់ទឹក និងរំដោះទឹកជំនន់នៅប៉ែកនិរតី នៃប្រទេសកម្ពុជា
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ព្រែកជីកហ្វូណន-តេជោ នឹងក្លាយជាប្រភពផ្គត់ផ្គង់ទឹកដ៏សំខាន់នៅខេត្តភាគនិរតីប្រទេស ក៏ដូចជាក្លាយជាទីតាំងបញ្ចៀសទឹកជំនន់នៅរដូវវស្សាផងដែរ។
សម្តេចតេជោ បានថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជា នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រែកជីកហ្វូណន-តេជោ នឹងក្លាយជាប្រភពផ្គត់ផ្គង់ទឹក នៅប៉ែកនិរតីរបស់កម្ពុជា ដែលរួមមាន៖ ខេត្តកណ្តាលមួយភាគ ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ជាមួយគ្នានេះ ក៏អាចទាញទឹកមួយផ្នែក ទៅផ្គត់ផ្គង់ទៅខេត្តកំពង់ស្ពឺបានដែរ នៅពេលមានការខ្វះខាតទឹក។
សម្តេចតេជោ បានគូសបញ្ជាក់ថា ផលប្រយោជន៍ទី២ កម្ពុជា និងមានប្រព័ន្ធស្រោចស្រពមួយ ជំនួសឱ្យការខ្វះទឹក ដូចជាពេលនេះយើងរាំងភ្លៀង៦ខែ ៧ខែហើយ អត់ទាន់មានភ្លៀងធ្លាក់ទេ ប្រភពទឹកទាំងឡាយ គឺសូម្បីតែទឹកស្អាតនៅខាងតាកែវខ្វះខាតសម្រាប់ប្រើប្រាស់ នៅពេលដែលយើងមានព្រែកជីកនេះ ព្រែកជីកនេះគឺជាប្រភពផ្គត់ផ្គង់ទឹកនៅប៉ែកនិរតីរបស់កម្ពុជា ដែលរួមមាន៖ ខេត្តកណ្តាល មួយភាគ ខេត្តតាកែវ កំពត កែប និងអាចទាញទៅកំពង់ស្ពឺបានដែរនៅពេលមានការខ្វះខាតទឹក។
សម្តេចតេជោ បានមានប្រសាសន៍ថា ផ្ទៃដីធ្វើស្រែរបស់កម្ពុជា ដែលស្ថិតនៅទិសនិរតី ក៏នឹងក្លាយទៅដីដែលអាចធ្វើស្រូវពីម្តងទៅជាពីរដង ឬបីដងក្នុងមួយឆ្នាំផងដែរ។
ទន្ទឹមគ្នាសម្តេចតេជោ ក៏បានរំលេចអំពីអត្ថប្រយោជន៍នៃព្រែកជីកហ្វូណន-តេជោនេះបន្ថែម ដោយព្រែកជីកនេះនឹងជួយរំដោះទឹកជំនន់ នៅប៉ែកនិរតីនៃប្រទេស ដែលកន្លងទៅ បានប្រឈមនឹងការលំបាក និងរងផលប៉ះពីទឹកជំនន់ ដោយសារគ្មានទីតាំងបញ្ចៀសទឹកជំនន់។
សម្តេចតេជោ បានបន្តថា នៅពេលដែលមានព្រែកជីកនេះ នឹងជួយរុញទឹកដែលជន់ខ្លាំងទៅសមុទ្រដែលធ្វើឱ្យការលេចលង់នៅប៉ែកនិរតីត្រូវបានកាត់បន្ថយ រួមទាំងការកាត់បន្ថយចរន្តទឹកដែលបានបុកធ្លាក់ ទៅវៀតណាមផងដែរ ៕