នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពាវនាវឲ្យយុវជនទៅរៀនជំនាញវិជ្ជាជីវៈដោយមិនបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀល ក្នុងមួយខែ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំពាវនាវឲ្យយុវជនទៅរៀនជំនាញវិជ្ជាជីវៈ ខណះដែលរាជរដ្ឋាភិបាលបានកំពុងអនុវត្តន៍គោលនយោបាយបណ្តះុបណ្តាលដល់យុវជន ប្រមាណ ១.៥លាននាក់ដោយឥតគិតថ្លៃ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគម បុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២៨ ខែមែសា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន ១,៥លាននាក់ ក្នុងនោះយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ គឺអាចចូលរៀន ដោយមិនបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀល ក្នុងមួយខែ ដោយឡែកយុវជននានា រួមទាំងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបងប្អូនកម្មករនិយោជិតក៏អាចចូលរៀនក្នុងកម្មវិធី បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះដោយមិនបង់ថ្លៃផងដែរ ដើម្បីចាប់យកជំនាញមួយពិតប្រាកដ មុនចូលទីផ្សារការងារ ឬផ្លាស់ប្តូរជំនាញ ឬបង្កើនជំនាញរបស់ខ្លួន។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កម្មករនិយោជិត ជាពិសេសយុវជនមកពីគ្រួសារក្រីក្រ គ្រួសារ ងាយរងហានិភ័យ និងបុគ្គលនៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ បន្តអញ្ជើញទៅចុះឈ្មោះចូលរៀន ជំនាញនានានៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបន្តចុះឈ្មោះជាប្រចាំ និងបើកថ្នាក់ជាបន្តបន្ទាប់នៅតាមទីរួមខេត្តនានា និងនៅរាជធានីភ្នំពេញ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានជំរុញឱ្យវិស័យឯកជនទទួលយកសិក្ខាកាម សិស្ស និស្សិតហាត់ការនៅកន្លែងការងារ ដើម្បីផ្សារភ្ជាប់ទ្រឹស្តី និងបទពិសោធន៍ដែលមាននៅរោងជាង វិទ្យាស្ថាន និងមជ្ឈមណ្ឌល ទៅនឹងការអនុវត្តជាក់ស្ដែងនៅតាមសហគ្រាស គ្រឹះស្ថាន ។ ក្នុងនោះសម្តេចបានអរគុណដល់មានសភាពាណិជ្ជកម្មកម្ពុជា និងសមាគមនិយោជកចំនួន ១៧ បានឯកភាពចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើកម្មវិធីហាត់ការនេះ។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ មានយុវជនចំនួនជិត៣ម៉ឺន៤ពាន់នាក់ (ស្រី ១ម៉ឺន១ ៧៥៩នាក់) បានចុះឈ្មោះ ចូលរៀន ក្នុងនោះមានចំនួនជាង ១ម៉ឺន៦ពាន់នាក់ (ស្រី ៥,៦៤៦នាក់)កំពុងទទួលការបណ្តុះបណ្តាលកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ៕