សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងការងារ ពិភាក្សាជាមួយដៃគូពាក់ព័ន្ធដើម្បីបន្តគាំទ្រដំណើរការរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ក្នុងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិភាក្សាជាមួយដៃគូពាក់ព័ន្ធដើម្បីបន្តគាំទ្រដំណើរការរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ក្នុងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការប្រកបដោយតម្លាភាព ប្រសិទ្ធភាព ឯករាជ្យភាព និងទទួលបាននូវជំនឿទុកចិត្តពីគ្រប់ភាគីពាក់ព័ន្ធ។
សម្ដេចបានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ប្រមាណជាង៥ពាន់នាក់ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៤ នៅសាលសន្និបាតនិងពិព័រណ៍ជ្រោយចង្វារ OCIC នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបន្តយកចិត្តទុកដាក់អនុវត្តអនុសាសន៍គន្លឹះទាំង ១០ចំណុច របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងអនុសាសន៍១០ ចំណុច ដែលខ្ញុំបានដាក់ចេញ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ ឱ្យមានប្រសិទ្ធភាពខ្ពស់បន្តទៀត។
ជាមួយគ្នានេះសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំក្រសួងការងារ ត្រូវបន្តរៀបចំកម្មវិធីជួបសំណេះសំណាលរបស់សម្ដេច ជាមួយបងប្អូនកម្មករនិយោជិតទាំង សេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដើម្បីចុះសួរសុខទុក្ខ និងដោះស្រាយសំណូមពររបស់បងប្អូន កម្មករនិយោជិតផងដែរ៕