ព្រះចៅស៊ុលតង់ នៃប្រទេស ប្រ៊ុយណេ នឹងយាងមកដល់កម្ពុជាយប់នេះ ដើម្បីសោយក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន
ភ្នំពេញ៖ នៅយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេស ប្រ៊ុយណេ ដារូសាឡឹម នឹងយាងមកដល់កម្ពុជាហើយ។ ការយាងមកកាន់កម្ពុជានាពេលនេះ ដើម្បីសោយព្រះក្រយាជាមួយសម្តេចតេជោ ហ៊ុន សែន ដែលជាប្អូន ធម៌។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ធ្លាប់បានគូសបញ្ជាក់ថា ព្រះរាជដំណើររបស់ ព្រះមហាក្សត្រប្រុយណេមកម្ពុជាពេលនេះ ពុំមានជំនួបផ្លូវការណាមួយនោះទេ គ្រាន់តែ ជា ការសោយ ក្រយាពេលព្រឹកនៅថ្ងៃទី៣០ ខែមេសា ជាមួយសម្តេច ដែលព្រះអង្គរាប់ អាន ដូចប្អនពៅ (បងប្អូន៣នាក់គឺព្រះអង្គជាបងទី១ លោក ថាក់ ស៉ីន ជាប្អូនទី២ សម្តេចតេជោ ជាប្អូនពៅ)។
គួរម្លឹកផងដែរថា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤កន្លងទៅនេះ សម្តេចតេជោ បានលើកឡើង តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា «ប្រសិនពុំមានការផ្លាស់ប្តូរទេនៅយប់ថ្ងៃ ២៩មេសាខាងមុខនេះព្រះមហាក្សត្រ ប្រុយណេ ព្រះអង្គនិងយាងមកដល់កម្ពុជា ដែលខ្ញុំនឹងទៅទទួលព្រះអង្គនៅព្រលានយន្តហោះដោយផ្ទាល់ និងរួមដំណើរជាមួយគ្នាមកកាន់សណ្ឋាគារ។
ករណីបែបនេះមិនចម្លែកទេរវាងព្រះអង្គជាមួយខ្ញុំ ព្រោះកាលពីឆ្នាំ២០១១ ពេលខ្ញុំទៅប្រុយណេព្រះអង្គបានបើករថយន្តដោយអង្គឯង មកទទួលខ្ញុំនៅព្រលាន យន្តហោះជូនទៅសណ្ឋាគារ»។
សម្តេចប្រធឆនព្រឹទ្ធសភា បានបញ្ជាក់ថា ពុំមានជំនួបផ្លូវការណាមួយកើតឡើងទេ តែការស្រស់ស្រូបពេលព្រឹក៣០មេសា ខាងព្រះអង្គមានព្រះអង្គម្ចាស់ម៉ាទីនដែលជាព្រះរាជ្យបុត្រ។ ឯខ្ញុំមានកូនប្រុសទាំងបីហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ហ៊ុន ម៉ានី។ ក្រោយការស្រស់ស្រូបខ្ញុំនឹងដង្ហែព្រះអង្គទៅព្រលានយន្តហោះដើម្បីព្រះយាងនិវត្តន៍ទៅកាន់ប្រទេសវិញ៕