នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់អនុគណៈកម្មការព័ត៌មាន ផ្សព្វផ្សាយ និងពិព័រណ៍ ដើម្បីត្រៀមរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានអនុគណៈកម្មការព័ត៌មាន ផ្សព្វផ្សាយ និងពិព័រណ៍ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងាររបស់អនុគណៈកម្មការព័ត៌មាន ផ្សព្វផ្សាយ និងពិព័រណ៍ ដើម្បីត្រៀមរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គនាយក ឯកឧត្តម អគ្គលេខាធិការរង អគ្គនាយករង នៃអគ្គនាយកដ្ឋានពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាសមាជិកក្រុមការងារជាច្រើនរូប។
ឯកឧត្តមនាយឧត្តមសេនីយ៍ បានលើកឡើងថា កិច្ចប្រជុំនេះគឺរួមគ្នាពិនិត្យលើវឌ្ឍភាពការងារដែលបានបំពេញ និងសម្រេចបានមួយចំនួន កន្លងមក បន្ទាប់ពីកិច្ចប្រជុំលើកដំបូង កាលពីថ្ងៃទី១៩ ខែមេសា ហើយនៅកិច្ចការមួយចំនួនទៀតត្រូវពិភាក្សាគ្នា និងសម្រេចនៅក្នុងកិច្ចប្រជុំថ្ងៃនេះ ដើម្បីឱ្យដំណើរការត្រៀមរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា មានភាពរលូន និងទាន់ពេលវេលា។
បន្ទាប់ពីស្ដាប់វឌ្ឍនភាពការងារ និងកិច្ចពិភាក្សាប្រមូលធាតុចូលសម្រាប់ការងារត្រៀមរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ឯកឧត្តម រដ្ឋលេខាធិការ ប្រធានអង្គប្រជុំ បានមានប្រសាសន៍ថ្លែងអំណរគុណ កោតសរសើរចំពោះក្រុមការងារដែលបានចូលរួមផ្តល់នូវធាតុចូលនានា និងបានបំពេញកិច្ចការងាររៀបចំកន្លងមក ហើយឯកឧត្តមបានណែនាំឱ្យបន្តសហការជាមួយអនុគណៈកម្មការ និងអគ្គនាយកដ្ឋានពាក់ព័ន្ធ និងស្នើឱ្យអនុគណៈកម្មការព័ត៌មាន ផ្សព្វផ្សាយ និងពិព័រណ៍ ត្រៀមលក្ខណៈ និងមានរបាយការណ៍សម្រាប់កិច្ចប្រជុំកម្រិតបច្ចេកទេសជាមួយក្រុមការងារពាក់ព័ន្ធ ដើម្បីមានជាមូលដ្ឋានច្បាស់លាស់សម្រាប់រាយការណ៍ជូនគណៈកម្មការដឹកនាំរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា៕