រាជរដ្ឋាភិបាល នឹងបន្តតាមដាន និងជំរុញយ៉ាងយកចិត្តទុកដាក់ដល់ ចលនាប្រកួតប្រជែង «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ»
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ នឹងបន្តតាមដាននិងជំរុញយ៉ាងយកចិត្តទុកដាក់ដល់ ចលនាប្រកួតប្រជែង “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ការបង្កើតឱ្យមានទារកដ្ឋាន និងមត្តេយ្យ សហគមន៍ នៅតាមតំបន់ដែលមានរោងចក្រ ឱ្យបានមុនដំណាច់ឆ្នាំ២០២៥ ដោយមានការចូលរួមទ្រទ្រង់ពីនិយោជក កម្មករនិយោជិត និងភាគីពាក់ព័ន្ធនានា ការកែលម្អកន្លែងទទួលទានអាហារ ឬអាហារដ្ឋាននៅតាម រោងចក្រដែលកំពុងដំណើរការឱ្យបានសមរម្យសម្រាប់កម្មករនិយោជិត និងតម្រូវឱ្យមានការរៀបចំកន្លែង ទទួលទានអាហារ ឬអាហារដ្ឋាន សម្រាប់រោងចក្រដែលត្រូវបង្កើតថ្មី ដោយរួមបញ្ចូលទាំងការគិតគូរអំពីកត្តាអនាម័យ រំហូរខ្យល់ និងសីតុណ្ហភាពទាំងនៅកន្លែងទទួលទានអាហារ និងកន្លែងធ្វើការឱ្យបានល្អ ជាពិសេសនៅរដូវប្រាំង ការផ្លាស់ប្ដូរជាបណ្តើរៗនូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ដែលស្របតាមបទដ្ឋានបច្ចេកទេស និងមានផាសុកភាពជាងមុនត្រឹមឆ្នាំ២០២៧ និងកម្មវិធីធ្វើតេស្តទទួលស្គាល់ជំនាញ ដែលជាឱកាសសម្រាប់ បងប្អូនកម្មករនិយោជិត និងពលករទេសន្តប្រវេសន៍ អាចទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជំនាញ សមត្ថភាព និងកំម្រិតជំនាញ ដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍របស់បងប្អូនកម្មករនិយោជិត ក៏ដូចជាពលករទេសន្តប្រវេសន៍។
នេះជាការលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងសារលិខិតនាឱកាសខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្ដរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថា រាជរដ្ឋាភិបាលមានជំនឿយ៉ាងមុតមាំថា ការកំណត់យកប្រធានបទ ក៏ដូចជាការបង្កើតកម្មវិធីប្រកួតប្រជែងយកពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» នឹងជំរុញឱ្យមានចីរភាពនៃវប្បធម៌អនុលោមភាព វប្បធម៌នៃកិច្ចសន្ទនាសង្គម ការយោគយល់អធ្យាស្រ័យគ្នានៅកន្លែងការងារ និងយន្តការដោះស្រាយវិវាទការងារនៅកម្រិតសហគ្រាស គ្រឹះស្ថាន នៅកម្រិតក្រសួង និងនៅកម្រិតក្រុមប្រឹក្សាអាជ្ញាកណ្តាល។
សម្តេចធិបតី បន្ថែមថា សម្តេចថនឹងបន្តចុះជួបបងប្អូនកម្មករនិយោជិត ដើម្បីតាមដានវឌ្ឍនភាពនៃការអនុវត្តអនុសាសន៍ ដែលសម្តេចបានដាក់ចេញកន្លងទៅ ពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្ដាប់ឱ្យបាននូវសំណូមពររបស់បងប្អូន កម្មករនិយោជិត ទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ ក៏ដូចជាបងប្អូនពលករកម្ពុជានៅក្រៅប្រទេសផងដែរ៕