សម្តេចធិបតី៖ ការផ្សះផ្សាវិវាទការងារ ត្រូវបានដោះស្រាយ កាន់តែមានប្រសិទ្ធភាព និងមានភាពល្អប្រសើរជាងមុន
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ការផ្សះផ្សាវិវាទការងារ ត្រូវបានដោះស្រាយ និងប្រព្រឹត្តទៅកាន់តែមានប្រសិទ្ធភាព និង មានភាពល្អប្រសើរជាងមុន ដោយសារភាពចាស់ទុំនៃតួអង្គពាក់ព័ន្ធ និងការពង្រឹងយន្តការផ្សះផ្សាវិវាទការងារ។
តាមរយៈសារលិខិតនាឱកាសខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្ដរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី បានលើកឡើងថា ជាក់ស្ដែងក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ ការផ្សះផ្សាវិវាទការងារនៅកម្រិតក្រសួង គឺបានកើនឡើងដល់ ៨៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលមានត្រឹមតែ ៧៦% ប៉ុណ្ណោះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា រាជរដ្ឋាភិបាលនឹងបន្តគាំទ្រដល់ដំណើរការរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដែលជាយន្តការត្រីភាគី និងទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីភាគីពាក់ព័ន្ធកន្លងមក ដើម្បីឱ្យក្រុមប្រឹក្សាអាជ្ញាកណ្ដាលក្លាយទៅជាស្ថាប័នមួយរឹងមាំ និងមានប្រភពមូលនិធិមួយពិតប្រាកដ តម្លាភាព និងអាចដំណើរការសកម្មភាពផ្សះផ្សា និងដោះស្រាយវិវាទការងារប្រកបដោយក្រម សីលធម៌វិជ្ជាជីវៈកាន់តែខ្ពស់នៅកម្ពុជា។
សម្តេចធិបតី មានប្រសាសន៍ថា រាជរដ្ឋាភិបាលក៏នឹងបន្តជំរុញឱ្យមានផែនការសកម្មភាពឲ្យកាន់តែបុរេសកម្ម និងច្រើនថែមទៀត ពាក់ព័ន្ធនឹងការលើកកម្ពស់សមត្ថភាព និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ចំពោះសមាជិករបស់ខ្លួន និងការយល់ដឹងអំពីលក្ខខណ្ឌការងារ សិទ្ធិសេរីភាព និងអត្ថប្រយោជន៍នានារបស់ភាគីពាក់ព័ន្ធ ដើម្បីភាគីនីមួយៗ អាចបំពេញតួនាទីជាតំណាងសមាជិករបស់ខ្លួនបាន កាន់តែល្អ និងមានវិជា្ជជីវៈ ដោយឈរលើមូលដ្ឋានច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕