ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីពិនិត្យលើសេចក្ដីព្រាងផែនទីបង្ហាញផ្លូវ សម្រាប់អនុវត្តសៀវភៅណែនាំ ស្ដីពីនីតិវិធីប្រតិបត្តិកិច្ចការពារកុមារសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីថ្លែងបើកសិក្ខាសាលាពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីពិនិត្យលើសេចក្ដីព្រាងផែនទីបង្ហាញផ្លូវសម្រាប់អនុវត្តសៀវភៅណែនាំស្ដីពីនីតិវិធីប្រតិបត្តិកិច្ចការពារកុមារសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ(SOP) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឌីន បូរី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ចនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, លោកស្រី ម៉ារីណា ហ្គារ៉ូហ្វាឡូ ប្រធានផ្នែកនៃគម្រោងកិច្ចការពារកុមារ របស់អង្គការយូនីសេហ្វ, ឯកឧត្តម លោកជំទាវ តំណាងក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល និងក្រសួងកិច្ចការនារី, អភិបាលរងខេត្ត ប្រធានគ.ក.ស.ក.ខេត្ត និងប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តបាត់ដំបង និងតំណាងអង្គការជាតិ-អន្តរជាតិ ព្រមទាំងមន្រ្តីពាក់ព័ន្ធប្រមាណ ៥០រូប នៅសណ្ឋាគារកាំបូឌីយ៉ាណា។
ថ្លែងបើកសិក្ខាសាលានេះ ឯកឧត្តម សួស ប្រាថ្នា បានគូសបញ្ជាក់ដែរថា រាជរដ្ឋាភិបាលនីតិកាលទី៦ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំប្រកបដោយគតិបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដោយបានកំណត់យកអាទិភាពគន្លឹះចំនួន៥ និងបន្តកំណត់យក«មនុស្ស» ជាអាទិភាពទី១ ក្នុងចំណោមអាទិភាពគន្លឹះទាំង ០៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាអាទិភាពបន្តតាមលំដាប់លំដោយ។
ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នឹងនៅតែបន្តការពង្រឹងធនធានមនុស្ស ព្រមទាំងពង្រឹងនូវការលើកកម្ពស់សុខភាព សុខុមាលភាពកុមារ និងការពារកុមារពីការរំលោភបំពានផ្សេងៗ ដើម្បីធានាសិទ្ធិចម្បងៗទាំង៤ របស់កុមារ រួមមាន៖ សិទ្ធិរស់រានមានជីវិត, សិទ្ធិទទួលបានការអភិវឌ្ឍ, សិទ្ធិទទួលបានការការពារ, និងសិទ្ធិក្នុងការចូលរួម ត្រូវបានបំពេញ ដែលនឹងរួមចំណែកដល់ការពង្រឹងបានមូលធនមនុស្សតាំងពីនៅកុមារភាព។
គួរបញ្ជាក់ដែរថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីបន្តការអនុវត្តសៀវភៅណែនាំស្ដីពីនីតិវិធីប្រតិបត្តិកិច្ចការពារកុមារសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ(SOP) ឱ្យមានប្រសិទ្ធភាព និងបានកាន់តែទូលំទូលាយនៅទូទាំងប្រទេស ៕