ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត បន្តដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពសេវាលិខិតឆ្លងដែន Online
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបន្តដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពសេវាលិខិតឆ្លងដែន Online។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម បណ្ឌិត អគ្គនាយក មានមតិស្វាគមន៍ និងអរគុណដល់ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន និងលោក/លោកស្រីជាមន្ត្រីបច្ចេកទេស ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់បង្កើតប្រព័ន្ធនេះឡើង។ នេះជាសមិទ្ធផលថ្មីមួយទៀតរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលនឹងត្រូវយកទៅដាក់បង្ហាញជូន ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបកនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជ្រាបដ៏ខ្ពង់ខ្ពស់។
កិច្ចប្រជុំនៅក្នុងព្រឹកនេះគឺធ្វើឡើងដើម្បីពិនិត្យ កែសម្រួល និងជជែកលម្អិតអំពីការប្រើប្រាស់ប្រព័ន្ធសេវាលិខិតឆ្លងដែន Online នេះឱ្យកាន់តែស៊ីជម្រៅ ដើម្បីធានាឱ្យបានថាពេលដែលយកទៅដាក់ឱ្យដំណើរការ គឺទទួលបានជោគជ័យ និងប្រកបដោយភាពល្អប្រសើរ។ បន្ទាប់ពីកិច្ចប្រជុំនៅព្រឹកនេះ ឯកឧត្តម បណ្ឌិត អគ្គនាយក បានប្រគល់ការងារដែលនៅខ្វះចន្លោះមួយចំនួនជូន ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរើន អគ្គនាយករង និងលោកឧត្តមសេនីយ៍ទោ ឈុន វណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា បន្តសហការជាមួយមន្ត្រីបច្ចេកទេស ដើម្បីពិនិត្យ និងកែសម្រួល ឱ្យប្រព័ន្ធនេះកាន់តែល្អប្រសើរ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អគ្គនាយករង លោកប្រធាន/អនុប្រធាននាយកដ្ឋាន លោក/លោកស្រីនាយការិយាល័យ ព្រមទាំងមន្រ្តីបច្ចេកទេស នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្នុងការពិនិត្យ ផ្តល់យោបល់ កែសម្រួល និងសម្រេច ៕